(ស្ទឹងត្រែង)៖ ជាសិល្បៈនៃការចែករំលែកជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងក្រោមឱវាទ នាំអំណោយមួយចំនួនយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹងមានជំងឺធ្ងន់ធ្ងរ ចំនួន២នាក់ រស់នៅស្រុកសៀមប៉ាង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ការយកអំណោយប្រគល់ជូនប្រជាពលរដ្ឋរបស់ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានធ្វើឡើងដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមិនមើលរំលងប្រជាពលរដ្ឋណាម្នាក់នោះទេ ហើយក៏មិនបណ្ដោយឲ្យពលរដ្ឋណាជួបការលំបាកដែរ គឺត្រូវតែយកចិត្តទុកដាក់ទាំងអស់។
ថ្លែងប្រាប់អង្គភាព Fresh News នៅពេលកំពុងយកអំណោយប្រគល់ជូននោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឲ្យដឹងថា ពលរដ្ឋម្នាក់មានជំងឺគ្រុនចាញ់ស្លេកស្លាំងធ្ងន់ធ្ងរ និងមានទម្ងន់០៤ខែទៀត ត្រូវការឈាមបញ្ចូលបន្ទាន់ ដោយអស់សង្ឃឹមក្នុងការព្យាបាល គាត់ក៏សុំពេទ្យដឹកយកទៅធ្វើបុណ្យនៅផ្ទះ។
លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា ក្រោយពីបានដឹងដំណឹងនេះភ្លាម លោកបានចុះមកដល់មន្ទីរពេទ្យនេះភ្លាម ហើយខាងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ក៏បាននិងកំពុងយកចិត្តទុកដាក់ព្យាបាលជំងឺជូនរហូតដល់ជាសះស្បើយ។ ដោយឡែក ក្មេងម្នាក់ទៀត មានជំងឺរលាកសួតធ្ងន់ធ្ងរ អំណោយដែលលោកនាំយកទៅជូន ក្នុងម្នាក់ទទួលបាន៖ អង្ករ២០គីឡូក្រាម, មី០១កេះ, ទឹកក្រូច០១កេះ, ទឹកត្រី០១យួរ, ទឹកស៊ីអ៉ីវ០១យួរ និងថវិកាចំនួន២០ម៉ឺនរៀល។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់មើលថែអ្នកជំងឺ មិនថាអ្នកជំងឺជាអ្នកមាន ឬអ្នកក្រក្សត់នោះទេ គឺត្រូវយកចិត្តទុកដាក់ទាំងអស់ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីនោះឡើយ៕