(ភ្នំពេញ)៖ ការវិនិយោគលើមូលបត្រ ឬនិយាយដោយសាមញ្ញថា ផ្សារភាគហ៊ុន ផ្ដល់អត្ថប្រយោជន៍ពីរសំខាន់ៗ ដូចជាការទទួលបានភាគលាភ ព្រមទាំងទទួលបាននូវប្រាក់ចំណេញមូលធនផងដែរ។ ជាទូទៅ វិនិយោគិននឹងទទួលបានភាគលាភ ដោយក្រុមហ៊ុនធ្វើការចែកទៅតាមប្រាក់ចំណេញ និងលទ្ធភាពជាក់ស្ដែង ទៅកាន់ម្ចាស់ភាគហ៊ុនរបស់ខ្លួនជារៀងរាល់ឆ្នាំ។
ម៉្យាងវិញទៀត នៅពេលដែលថ្លៃរបស់ភាគហ៊ុនកើនឡើង វិនិយោគិនអាចលក់ភាគហ៊ុនដែលខ្លួនមាន ដើម្បីទទួលបាននូវប្រាក់ចំណេញផងដែរ។ ប្រសិនបើចង់ក្លាយជាវិនិយោគិនថ្មី តើលោកអ្នក ត្រូវយល់ដឹងពីអ្វីខ្លះ?
យោងតាម អត្ថបទជំនួយស្មារតីរបស់ផ្សារមូលបត្រកម្ពុជា (CSX) បានបញ្ជាក់ថា លោកអ្នកត្រូវយល់ដឹង ពីគន្លឹះសំខាន់ៗចំនួន៥ មុននឹងក្លាយជាវិនិយោគិនថ្មី។ គន្លឺះនៃការវិនិយោគ សម្រាប់វិនិយោគិនថ្មី អ្នកគួរត្រៀមលក្ខណៈ ដូចខាងក្រោមជាមុនសិន៖
១៖ យល់ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន៖ លោកអ្នកគួរស្គាល់ពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ដោយធ្វើការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដើម្បីដឹងអំពីចំណូល ចំណាយ និងប្រាក់សន្សំរបស់អ្នក។ ផ្ដើមចេញពីការរៀបចំផែនការហិរញ្ញវត្ថុនេះ លោកអ្នកនឹងអាចដឹងថា ខ្លួនមានទឹកប្រាក់ប៉ុន្មានសម្រាប់ធ្វើការវិនិយោគ។
២៖ កំណត់គោលដៅច្បាស់លាស់ក្នុងការវិនិយោគ៖ លោកអ្នកគួរតែកំណត់គោលដៅច្បាស់លាស់ក្នុងការវិនិយោគ ថាតើលោកអ្នកវិនិយោគដើម្បីអ្វី ហើយអ្នករំពឹងថាបានប្រាក់ចំណេញប៉ុន្មានពីការវិនិយោគនេះ ហើយលោកអ្នកត្រូវកំណត់ផែនការថាខ្លួនគួរវិនិយោគរយៈពេលយូរប៉ុណ្ណា និងត្រូវការដើមទុនចំនួនប៉ុន្មាន ដើម្បីសម្រេចគោលដៅនោះផងដែរ។
៣៖ ចាប់ផ្ដើមពីការវិនិយោគក្នុងទំហំតូចទៅសិន៖ លោកអ្នកគួរធ្វើការវិនិយោគដោយសន្សឹមៗ កុំបំបោល ដោយចាប់ផ្ដើមពីទំហំតិចតួចជាមុនសិន ដើម្បីទទួលបានជាបទពិសោធន៍ និងចំណេះដឹង ដែលជួយបង្កើនសមត្ថភាព និងប្រសិទ្ធិភាពនៃការវិនិយោគរបស់អ្នក។
៤៖ ស្គាល់អំពីកម្រិតអត់ធន់នឹងហានិភ័យរបស់ខ្លួន៖ ការវិនិយោគមិនត្រឹមតែផ្ដល់ប្រាក់ចំណេញមួយមុខទេ វាក៏អាចនាំឱ្យអ្នកប្រឈមមុខទៅនឹងហានិភ័យផងដែរ។ ហេតុដូចនេះហើយ លោកអ្នកគួរស្គាល់ច្បាស់អំពីកម្រិតអត់ធន់នឹងហានិភ័យរបស់ខ្លួន ដើម្បីជ្រើសរើសឧបករណ៍វិនិយោគណាមួយ ដែលសមស្របទៅនឹងលទ្ធភាពដែលលោកអ្នកអាចទទួលយកបាន។
៥៖ បង្កើនចំណេះដឹង និងជំនាញលើការវិនិយោគ៖ លោកអ្នកគួរបង្កើនការយល់ដឹងបន្ថែមទាក់ទងទៅនឹងការវិនិយោគ តាមរយៈការអានសៀវភៅ ការស្រាវជ្រាវតាមរយៈអ៊ីនធឺណែត ការចូលរួមវេទិកា ឬសិក្ខាសាលាផ្សេងៗ ក៏ដូចជាតាមដានព័ត៌មានដែលកើតមានឡើងនៅក្នុងទីផ្សារនេះ ជាដើម។ នៅពេលដែលអ្នកមានភាពស្ទាត់ជំនាញ និងមានការយល់ដឹងផ្នែកនេះកាន់តែច្រើន ការវិនិយោគរបស់អ្នកនឹងមានភាពកាន់តែល្អប្រសើរ៕