(កំពង់ស្ពឺ)៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ស្ពឺ នាយករដ្ឋមន្ត្រីដែលបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ៗថា អ្នកដែលជេរប្រមាថនៅលើ Facebook អាចរកឃើញទីតាំងឈរជើងត្រឹមតែ៨នាទី ប៉ុណ្ណោះ ទោះដាក់ឈ្មោះអ្វីក៏អាចរកឃើញដែរ។
ការលើកឡើងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបានបន្តដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមននៅក្នុងខេត្តកំពង់ស្ពឺ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «សូម្បីតែក្នុង Facebook គេកំពុងតែច្រៀងសប្បាយវាចូលទៅ Comment ក្នុងហ្នឹងយួនអីអញ្ចឹងទៅ ហើយពេលហ្នឹងពួកក្រុមចម្រៀងគ្រួសារខ្មែរ មានអ្នក Comment សប្បាយលេងរបស់គេទៅ វាចូលមកមួយជេរគេលេង អាហ្នឹងបើគេតាមរករឿង ងាយទេក្មួយអើយត្រូវដឹង បច្ចេកវិទ្យាបច្ចុប្បន្ន មិនឱ្យលើសពី៨នាទីទេ មិនឱ្យលើសពី៨នាទីទេ រកកន្លែងទីតាំងឈររបស់អ្នក Comment ចូលហើយ ទោះបីអ្នកឯងដាក់ឈ្មោះអីក៏ដោយចុះ [....] ដាក់ឈ្មោះអីក៏ដោយចុះដាក់ឈ្មោះ អាចក់ អាចែម ក៏ដោយចុះ ប៉ុន្តែយូរបំផុត៨នាទីទេ រកឃើញទីតាំងឈរហើយត្រូវចាំបច្ចេកវិទ្យាបច្ចុប្បន្ន»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា អ្នកដែលលួចចូលមកជេរគេ កុំភ្លេចណាទោះបីជាដាក់ឈ្មោះអីក៏ដោយ គឺតាមរកឃើញទាំងអស់ ត្រឹមតែ៨នាទីយូរបំផុត គេរកឃើញទីតាំងឈរសុំប្រាប់ឱ្យហើយ សុំកុំព្រហើនជាមួយបច្ចេកវិទ្យាឱ្យសោះ។ សម្តេចតេជោបានឱ្យដឹងថា ការគ្រប់គ្រងរដ្ឋគ្រប់គ្រងសន្តិសុខជាតិ ត្រូវតែមានបច្ចេកវិទ្យាមាំទាំ គ្រាន់តែបង្ហោះភ្លាម គឺដឹងថាអ្នកបង្ហោះនៅកន្លែងណាហើយ សូម្បីតែបង្ហោះនៅក្នុងទីក្រុងបាងកក ក៏យើងដឹងថា អ្នកដែលបង្ហោះនោះនៅទីតាំងណាមួយ នៃទីក្រុងបាងកកផងដែរ។
ទទ្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិភាពសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា អ្នកប្រើប្រាក់បណ្តាញទំនាក់ទំនង Facebook ទាំងអស់ប្រើវាត្រូវនឹងក្លាយជារឿងល្អ និងចំណេញ។ ប៉ុន្តែប្រសិនបើប្រើប្រាស់លើផ្លូវខុសទៅជេរបញ្ចោរគ្នាវានឹងក្លាយជារឿងអាក្រក់ទៅវិញ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ហាក់បីដូចជាចង់សំដៅដល់អ្នកគាំទ្រអតីតបក្សប្រឆាំងដែលរលាត់បាត់រូបដោយសារ អំណាចសាលដីការបស់តុលាការកំពូល ពាក់នឹងទង្វើក្បត់ជាតិរបស់ខ្លួន ជារើយៗក្រុមនេះឱ្យតែចូលមក Comment នៅក្នុង Facebook របស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលពួកគេស្រឡាញ់ គឺបាននាំគ្នាទៅជេរប្រទិចនូវពាក្យអសុរោះទៅវិញ ជាពិសេសពួកនេះដើរចោទគេ ចោទឯងថា ក្រុមអ្នកលើកជើង លើកដៃទៅវិញ ឬទាល់តែគាំទ្រអ្នកឯងទើបថា ជាអ្នកស្នេហាជាតិ អាហ្នឹងហើយជាឆ្នួនផ្ទុះនៃសង្គ្រាម មិនមែនជាឆ្នួនផ្ទុះនៃសន្តិភាពដូចនៅសំឡុតនោះទេ។
សម្តេចតេជោ បានបញ្ជាក់ថា «អញ្ចឹងបានជាពូថា បើសិនជាពួកអាចង្រៃនេះនៅសង្គ្រាម នឹងផ្ទុះចង្រៃមែន ពិតជាចង្រៃបើមិនអប់រំកូនចៅអ្នកឯងទេឱ្យមានសីលធម៌ត្រឹមត្រូវទេ ពួកអ្នកឯងនៅតែជាពួកបង្កហេតុបំផ្លាញសេចក្តីសុខ និងសាមគ្គីភាពនៅក្នុងប្រជាពលរដ្ឋ»។
ជាការកត់សម្គាល់នៅលើបណ្តាញសង្គម Facebook នាពេលបច្ចុប្បន្ននេះ ក្រៅពីការជេរបញ្ចោរគ្នាព្រោះ តែមាននិន្នាការនយោបាយខុសគ្នានោះ គេក៏សង្កេតឃើញផងដែរ ពីការជេរប្រមាថរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ក៏ចូលចិត្តប្រើវប្បធម៌ជេរបញ្ចោរគ្នាដោយឥតខ្មាសអៀនផងដែរ នៅពេលមានទំនាស់នឹងគ្នា៕