(កំពង់ចាម)៖ បើតាមការឲ្យដឹងពីអាជ្ញាធរខេត្តកំពង់ចាម ដែលកំពុងតែមមាញឹកបូបរំដោះទឹកចេញពីប្រព័ន្ធលូ និងបានបិទទ្វារទឹកក្រុងទាំងអស់ ដើម្បីកុំឲ្យទឹកហូរចូលក្រុង បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ កម្ពស់ទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម នៅតែបន្តឡើងជិតដល់កម្រិតត្រូវប្រកាសអាសន្ន ដែលបច្ចុប្បន្នទឹកមានកម្ពស់១៥.១៨មែត្រ ហើយកម្ពស់ទឹកនេះ បានលិចតំបន់ទំនាប ព្រែក អាងស្តុមទឹក ហើយនៅតំបន់ខ្លះបានលិចលង់ភូមិឋាន បាក់ច្រាំងទន្លេ និងដំណាំរបស់ប្រជាពលរដ្ឋរងការខូចខាតមួយចំនួនផងដែរ។
តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឲ្យថា គិតមកដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម បានហក់ឡើងដែលមានកម្ពស់១៥.១៨ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញឡើង០.០៤ម៉ែត្រ ហើយខ្ពស់ជាងឆ្នាំមុនដែលមានកម្ពស់ទឹកត្រឹមតែ១៣.៩៧ម៉ែត្រប៉ុណ្ណោះ ដែលកម្រិតត្រូវប្រុងប្រយ័ត្នមានកម្ពស់១៥.២០ម៉ែត្រ។
ទន្ទឹមនិងនេះដែរ អាជ្ញាធរខេត្តកំពង់ចាម បានយកចិត្តទុកដាក់ និងបានប្រើម៉ាស៊ីនបូមធំៗចំនួន២គ្រឿងរួចរាល់ ដើម្បីបូមរំដោះទឹកចេញពីក្រុងវិញ ហើយបានបិទទ្វារសំខាន់ៗជុំវិញក្រុង និងបានបង្ហូរទឹកចូលទៅទន្លេវិញ នឹងបានត្រៀមម៉ាស៊ីនផ្សេងទៀត ដើម្បីរំដោះទឹកទៅតាមតំបន់ទំនាប ប្រសិនបើទឹកទន្លេបន្តហក់ឡើង ជាបន្តបន្ទាប់ដូច្នេះ។
តាមរបាយការណ៍របស់មន្ត្រីគ្រោះមហន្តរាយ នៃខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែសីហា កាលពីម្សិលមិញកម្ពស់ទឹកទន្លេមេគង្គ បានហក់ឡើង ធ្វើឲ្យលិច ឃុំចំនួន៤២ឃុំ លើ១០៩ឃុំ-សង្កាត់ ស្មើ១៦៦ភូមិលើ ៩១៦ភូមិ និងផលប៉ះពាល់ ២២,៣៣៥គ្រួសារ បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ហើយ និងលិចស្រូវសំណាបចំនួន ៤,៤៤៦ហិចតា, លិចពោតចំនួន ៤៦៦ហិចតា និងដំណាំផ្សេងៗចំនួន ៦២៩.៦ហិចតា, រុះរើផ្ទះចំនួន៧ខ្នង, លិចផ្ទះចំនួន១៧,៦៧៧ខ្នង, លិចវត្តចំនួន ២៨កន្លែង, សាលារៀនចំនួន ៣៣កន្លែង, មណ្ឌលសុខភាពចំនួន ៣កន្លែង, លិចវិហារឥស្លាម ៧កន្លែងលិចផ្លូវដីចំនួន ១០៩.៨៦៨ម៉ែត្រ, ផ្លូវបេតុងចំនួន ២៤.៥០៦ម៉ែត្រ ផ្លូវកៅស៊ូ ៦០០ម៉ែត្រ,លិចស្ពានចំនួន ១៤កន្លែង។
របាយការណ៍បន្តថា ជម្លៀសមនុស្សទៅទីទួលសុវត្ថិភាព ១,៨៩៩នាក់ សត្វ ១,៩៥៤ក្បាល ទៅកាន់ទួលចំនួន ១២ គឺទូលឃ្លាំង, វត្តពាម, កំពង់តាអ៊ង, ឈើទាលកោង, ជ្រោយអណ្តូង, ទួលអំពិល, វត្តបាល្លង, ទួលបេង និងតាមផ្លូវថ្នល់ក្នុងឃុំ, បាក់ច្រាំងទន្លេ ប្រវែងបណ្តាយ ៥,៨៧៩ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រ។
ក្នុងអំឡុងពេលមានជំនន់នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម តែងតែធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ត្រូវការពារកូនៗ កុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរបានរស់នៅឲ្យបានស្អាត ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេងៗ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងនោះ ក៏មាននូវសត្វអាសិរពឹសច្រើនផងដែរ ដូច្នោះត្រូវប្រុងប្រយ័ត្នជានិច្ច ហើយបើមានពស់ចឹងឬខាំ ត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបងប្អូនជាបន្ទាន់។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានបញ្ជាកម្លាំងនគរបាលយាមកាម ការពារតាមដងផ្លូវជាប់មាត់ទន្លេ ក្នុងក្រុងកំពង់ចាម កុំឲ្យមានរថយន្តធំឆ្លងកាត់។ ពិសេសត្រៀមលក្ខណៈសម្បត្តិទុកជាមុន ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះថ្នាក់ណាមួយ ដែលកើតឡើងដោយសារទឹកជំនន់៕