(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញប្រតិកម្ម និងព្រួយបារម្ភចំពោះសកម្មភាពសកម្មជន និងក្រុមអ្នកគាំទ្ររបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលតែងតែជេរប្រមាថ និងលាបពណ៌ទៅលើអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សនយោបាយដទៃផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកកាយវិការជេរប្រមាថ និងលាបពណ៌នេះជាឆ្នួនបញ្ឆេះភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងការបែកបាក់របស់ជាតិខ្មែរ។
ការថ្លែងប្រតិកម្ម និងបង្រាហញការព្រួយបារម្ភពីការកើតភ្លើងសង្គ្រាម និងការបែកបាក់ជាតិព្រោះតែការជេរប្រមាថ និងការលាបពណ៌របស់ក្រុមសកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ។
ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការលេង Facebook នឹងមានប្រយោជន៍ប្រសិនបើប្រើវាត្រឹមត្រូវ តែវានឹងបង្កទុក្ខទោសផងដែរប្រសិនបើប្រើវាខុស។ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការចូលចិត្តប្រើវប្បធម៌ជេរប្រមាថ និងការលាបពណ៌ផ្សេងៗពីសកម្មជន និងក្រុមអ្នកគាំទ្រអតីតគណបក្ស សង្គ្រោះជាតិលើសកម្មជន និងអ្នកគាំទ្រគណបក្សនយោបាយដទៃ។
ក្នុងនោះគ្រាន់តែក្នុងកម្មវិធីកម្សាន្ត «ចម្រៀងគ្រួសារ» រៀបចំដោយលោក អ៊ុក ណារីម និងអ្នកស្រី ឆោម ឆពុំ ដែលផ្សាយតាមទំព័រ Facebook នោះ ក៏ត្រូវបានក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បានចូលមកជេរបញ្ចោរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិមិនអប់រំណែនាំដល់ក្រុមអ្នកគាំទ្ររបស់ពួកគេទេ វានឹងនៅតែជាការបង្កហេតុបំផ្លាញសេចក្តីសុខ និងសាមគ្គីរបស់សង្គមខ្មែរ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ទម្លាប់របស់គេហ្នឹងចូលមកគេជេរតែម្តង[...]។[...] ដល់តែគាំទ្រអ្នកឯងបានអ្នកឯងថា ស្នេហាជាតិ ដល់ពេលគាំទ្រគណបក្សដទៃសុទ្ធតែក្បត់ជាតិ ហ្នឹងហើយជាឆ្នួនផ្ទុះនៃសង្គ្រាម មិនមែនឆ្នួនផ្ទុះនៃសន្តិភាពដូចនៅសំឡូតនោះទេ។ ចូលមកជេរបញ្ចោរ ចូលមកគេយួន ចូលមកគេអាយ៉ងនេះ អាយ៉ងនោះ ប្រមាថគេអ៊ីចេះ ប្រមាថគេអ៊ីចុះ។ ក្រុមហ្នឹងចូលមកតែអ៊ីចឹង អ៊ីចឹងបានជាពូថា បើពួកអាចង្រៃនេះនៅ គឺសង្គ្រាមវាផ្ទុះ ចង្រៃមែន ពិតជាចង្រៃ បើមិនអប់រំកូនចៅរបស់អ្នកឯងទេ ឲ្យមានសីលធម៌ត្រឹមត្រូវទេ ពួកអ្នកឯងនៅតែជាពួកបង្កហេតុបំផ្លាញសេចក្តីសុខ និងសាមគ្គីនៅក្នុងប្រជាពលរដ្ឋ»។
ជាការកត់សម្គាល់នៅលើបណ្តាញសង្គម Facebook នាពេលបច្ចុប្បន្ននេះ ក្រៅពីការជេរបញ្ចោរគ្នាព្រោះតែមាននិន្នាការនយោបាយខុសគ្នានោះ គេក៏សង្កេតឃើញផងដែរ ពីការជេរប្រមាថរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ក៏ចូលចិត្តប្រើវប្បធម៌ជេរបញ្ចោរគ្នាដោយឥតខ្មាសអៀនផងដែរនៅពេលមានទំនាស់នឹងគ្នា។
ការជេរបញ្ចោរនេះ ត្រូវបានគេមើលឃើញថា វាមិនត្រឹមតែជាការនាំដល់ភាពបែកបាក់ក្នុងសង្គមខ្មែរទេ តែក៏ជាការបង្ហាញនូវឱនភាពនៃសិលធម៌ វប្បធម៌ និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ ដែលជាមនុស្សជាតិមួយមានវប្បធម៌ដ៏ចំណាស់ និងមានវប្បធម៌ថ្លៃថ្នូរផងដែរ។ ដើម្បីលើកតម្លៃវប្បធម៌ និងភាពថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរ ពលរដ្ឋខ្មែរគួរព្យាយាមលុបបំបាត់វប្បធម៌ជេរបញ្ចោរ និងឈោងចាប់យកវប្បធម៌ជជែកពិភាក្សាគ្នាដោយការប្រើប្រាស់សម្តីមានក្រមសីលធម៌ មានភាពថ្លៃថ្នូរ និងការគោរពគ្នាឲ្យបានខ្ពស់មកជំនួសវិញ៕