(កំពង់ស្ពឺ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តកំពង់ស្ពឺ ដែលបោះឆ្នោតគាំទ្រលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ របស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ប្រជាពលរដ្ឋដែរថា នៅមានបញ្ហាអ្វីកើតឡើង ត្រូវតែរត់ទៅរកតំណាងរាស្ដ្រ ហ៊ុន ម៉ានី ដែលប្រជាពលរដ្ឋបានបោះឆ្នោតជូននេះ ជួយដោះស្រាយបញ្ហាភ្លាម ព្រោះតំណាងរាស្ដ្រ គឺជាតំណាងរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ។
ក្នុងដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អរគុណដល់ប្រជាពលរដ្ឋដែលគាំទ្រតំណាងរាស្ដ្រ ហ៊ុន ម៉ានី ហើយមានការអីក្មួយៗខេត្តកំពង់ស្ពឺ ត្រូវទៅរក ហ៊ុន ម៉ានី កុំឲ្យរួចខ្លួន ព្រោះបោះឆ្នោតឲ្យគាត់ (តំណាងរាស្ដ្រកំពង់ស្ពឺ) ដើម្បីឲ្យគេធ្វើការ»។
ជាមួយគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានគូសបញ្ជាក់ថា បន្ទុកគណបក្សប្រជាជនកម្ពុជា គឺកាន់តែធ្ងន់ធ្ងរ ព្រោះពេលនេះ ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ ហើយអាណត្តិថ្មី ជាពេលត្រូវធ្វើកំណែទម្រង់ និងខិតខំដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរ។
សូមជម្រាបថា សម្រាប់មណ្ឌលកំពង់ស្ពឺ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា មានតំណាងរាស្ដ្រពេញសិទ្ធិ ចំនួន៦នាក់ និងបេក្ខជនបម្រុង ចំនួន៦នាក់។ នេះបើតាមបញ្ជីផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាការកត់សម្គាល់ លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ដ្រមួយរូបនោះ តែងតែយកចិត្តទុកដាក់ជានិច្ច សម្រាប់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ ជាក់ស្ដែង សម្រាប់បញ្ហាសុខភាពប្រជាពលរដ្ឋវិញ លោក ហ៊ុន ម៉ានី មិនដែលបណ្ដែតបណ្ដោយអ្វីឡើយ ដោយលោកតែងតែនាំក្រុមគ្រូពេទ្យស្ម័គ្រ ចុះពិនិត្យ និងព្យាបាលសុខភាព ពួកគាត់សឹងតែមួយសប្ដាហ៍ម្ដង។
នាពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយលោកបានចូលរួមសោកស្តាយចំពោះការខូចខាត និងប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មិនថា តែនៅខេត្តកំពង់ស្ពឺផ្ទាល់ ឬតាមបណ្តាខេត្តនានានោះទេ៕