(កំពង់ស្ពឺ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញនូវក្តីសុទិដ្ឋិនិយម និងជឿជាក់ថា កម្ពុជាពិតជាអាចសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ ដោយមានប្រទេសចិន និងជប៉ុន សន្យាចាំជួយកម្ពុជាជានិច្ច។
ការថ្លែងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងបានខិតខំរំដោះខ្លួនពីប្រទេសមួយ ដែលគេហៅថា ប្រទេសក្រីក្រតោកយ៉ាក ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានចក្ខុវិស័យតម្រង់ឆ្ពោះទៅរកប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ ដែលយើងយល់ថានឹងអាចធ្វើបាន»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា «នាយករដ្ឋមន្រ្ដី ស៊ីនហ្សូ អាបេ របស់ជប៉ុនក៏បាននិយាយជាមួយខ្ញុំ ក្នុងពេលដែលខ្ញុំទៅទស្សនកិច្ចកាលពីឆ្នាំទៅ ថាជប៉ុននឹងខិតខំជួយកម្ពុជា ដើម្បីសម្រេចនូវចក្ខុវិស័យ ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០។ ចំណែកឯប្រទេសចិនវិញ ប្រធានាធិបតី ស៊ី ជីនពីន ក៏ដូចជានាយករដ្ឋមន្រ្ដី លី ខឺឈាង របស់ចិន ក៏បាននិយាយច្រើនលើកច្រើនសារ នូវការគាំទ្រទាំងឡាយ សម្រាប់កម្ពុជាហក់ឡើង នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខ្លួន»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងផ្តល់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើឃ្លាំងស្តុកស្រូវ និងឡសម្ងួត ដើម្បីប្រមូលទិញស្រូវកសិករ មកកែច្នៃជាអង្ករនាំចេញទៅក្រៅប្រទេស និងការពារការធ្លាក់ចុះតម្លៃស្រូវរបស់ប្រជាកសិករផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «យើងកំពុងវិនិយោគយ៉ាងសន្ធឹកសន្ធាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស អំពីការកែច្នៃទៅលើការបំពាក់លើម៉ាស៊ីនកិនស្រូវ ឡសម្ងួត និងឃ្លាំង ដើម្បីប្រមូលទិញស្រូវ របស់កសិករ [...] ឥឡូវយើងដាក់លុយរាប់លានដុល្លារ ទៅតាមភូមិសាស្រ្ដនានា ទៅលើរោងចក្រកិន កែច្នៃអង្ករ ដែលបន្សល់ទុកឲ្យយើងនូវកន្ទក់ ចុងអង្ករ និងអង្កាម ដែលផ្ដល់តម្លៃបន្ថែមសម្រាប់ការចិញ្ចឹមសត្វ និងការប្រើប្រាស់ដទៃទៀត ព្រមទាំងផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋ ជាជាងនាំស្រូវចេញ»។
ប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ថា ធនាគារដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើង ដើម្បីគាំទ្រ និងផ្តល់ទុនសម្រាប់សហគ្រាសធុនតូច និងមធ្យម ជិតចេញជាផ្លូវការហើយ ដែលមានដើមទុនដំបូង១០០លានដុល្លារអាមេរិក សម្រាប់ផ្ដល់ឲ្យសហគ្រាសធុនតូច និងមធ្យម ផ្ដោតការចិត្តទុកដាក់ផលិតនូវទំនិញណា ដែលទាក់ទងនឹងវត្ថុធាតុដើមរបស់ប្រជាកសិករ។
សម្ដេចតេជោបានថ្លែងទៀតថា កម្ពុជាកំពុងរៀបចំរោងចក្រកែច្នៃដំឡូង ដែលក្នុង១ឆ្នាំៗមានប្រមាណ១៤លានតោន ដើម្បីកែច្នៃឲ្យក្លាយជាម្សៅមី និងឈានទៅដល់ការកែច្នៃជាផលិតផលសម្រេច ដើម្បីលក់ក្នុងទីផ្សារកម្ពុជា និងនាំចេញទៅក្រៅប្រទស។ ក្រៅពីនេះ ក៏មានការជំរុញការកែច្នៃផលិតកសិកម្មផ្សេងៗទៀត ដូចជាម្រេច ធុរ៉េន សាវម៉ូវ ដែលអាចកាត់បន្ថយការនាំចូល ហើយថែមទាំងអាចនាំចេញទៀតផង។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងឲ្យដឹងផងដែរថា នយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាល គឺមិនបានបំភ្លេចវិស័យកសិកម្មនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល កំពុងធ្វើវិស័យឧស្សាហកម្ម ទៅជាក្បាលម៉ាស៊ីន ដើម្បីទាញវិស័យកសិកម្មឲ្យទៅជាវិស័យកសិ-ឧស្សាហកម្ម៕