(ភ្នំពេញ)៖ ដើម្បីជួយសម្រេចគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥ រដ្ឋាភិបាលកាណាដា បានប្រកាសបន្ដជំនួយគាំទ្រ ការបោសសំអាតមីន នៅកម្ពុជា។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់អាជ្ញាធរមីន ដែលអង្គភាព Fresh News ទទួលបាននាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន បានដកស្រង់សំដីរបស់ លោកស្រី Allison Stewart ភារៈធារីនៃការិយាល័យកិច្ចការ ស្ថានទូតកាណាដា ដោយអ្នកស្រីបានថ្លែងថា ចាប់ពីឆ្នាំ១៩៩៤មក រដ្ឋាភិបាលកាណាដា បានចូលរួមវិភាគទានប្រមាណ៥០លានដុល្លារ លើកកិច្ចការងារបោសសម្អាតមីន និងថវិកាបន្ថែមសម្រាប់ជំនួយជនរងគ្រោះ។ រដ្ឋាភិបាលកាណាដា មានក្ដីរីករាយក្នុងការបន្ដរួមចំណែកលើវិស័យមីន នៅកម្ពុជានេះ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្ដែងការកោតសសើរចំពោះសកម្មភាពមនុស្សធម៌ របស់រដ្ឋាភិបាលកាណាដា ដែលបានបន្ដផ្ដល់នូវការគាំទ្រ លើវិស័យសកម្មភាពកំចាត់មីន នៅកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញធ្វើយ៉ាងណាសម្រេចគោលដៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ដោយ បានរួមសហការគ្នាយ៉ាងរឹងមាំជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីទទួលបានជោគជ័យលើកិច្ចការនេះ៕