(កំពត)៖ ដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកសាងកំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយទៀតនៅខេត្តកំពត ដើម្បសម្រួលដល់ការដឹកជញ្ជូនផ្លូវទឹក និងចូលរួមជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជាបន្ថែម។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ ត្រូវបានបើកការដ្ឋានសាងសង់នាវេលាម៉ោង៨ ៨នាទី និង៨វិនាទី ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំរាជធានីភ្នំពេញ និងមន្ត្រីរាជការពាក់ព័ន្ធប្រមាណ ៨០០នាក់។
លោក ថោង ខុន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធក្នុងខេត្តតំបន់ឆ្នេរចំនួន៣ គឺខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រឹកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ ជាពិសេសការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ឆ្នេរ និងការបើកច្រកទេសចរណ៍ផ្លូវសមុទ្រទៅកាន់តំបន់ និងពិភពលោករបស់កម្ពុជា។
លោកថា ផ្លូវទឹកក៏ជាមធ្យោបាយធ្វើដំណើរ និងទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ នូវសម្បទាទេសចរណ៍ផ្លូវទឹកទាំងនេះ ជាពិសេសនៅកំពង់ផែខេត្តព្រះសីហនុ និងខេត្តកំពត ព្រមទាំងខេត្តតំបន់ឆ្នេរផ្សេងទៀត ដើម្បីជំរុញចលនា និងលំហូរទេសចរណ៍នៅតំបន់ឆ្នេរ និងច្រករបៀងទេសចរណ៍ភាគខាងត្បូង។
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជានាយកគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានឱ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ ត្រូវការចំណាយថវិកាជាង៨លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។
លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាជំរុញការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ពិសេសនៅខេត្តកំពតនេះឱ្យមាននិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ តាមទស្សនទានសំខាន់៣គឺ «បៃតង ស្អាត និងឆ្លាត (Green Clean and Smart)» ដោយយកចិត្តទុកដាក់អនុវត្តតាមផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ ផែនការមេ និងទស្សនទានផែនការអភិវឌ្ឍល្អៗបន្ថែមទៀត ក្នុងនោះត្រូវយកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍កំពតថ្មី ២០១៦-២០២០ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារមាតុភូមិកម្ពុជា និងធ្វើឱ្យទឹកដីកម្ពុជាក្លាយជាកន្លែងដ៏ប្រសើបំផុតសម្រាប់ការរស់នៅរបស់ប្រជាជន និងការទស្សនារបស់ភ្ញៀវទេសចរ។
ក្រៅពីការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រាជរដ្ឋាភិបាលក៏បានខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងអាកាសផងដែរ ដែលបានជំរុញកំណើនទេសចរជាតិ-អន្តរជាតិបានយ៉ាងច្រើន ជាក់ស្ដែងនៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥.៦លាននាក់ កើនឡើង ១១.៨% និងទទួលបានចំណូលជាង ៣,៦០០លានដុល្លារ បានរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារដោយផ្ទាល់ជាង៦៥ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ រយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ កើនឡើង ១៣% ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរ ៦.២លាននាក់។
ដោយឡែក តំបន់ឆ្នេរនៅឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរប្រមាណ ៣.២លាននាក់ ក្នុងនោះទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើនឡើង ២០%។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ជាមួយនឹងចំណូលប្រមាណជាង៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់ និងការងារដោយប្រយោលរាប់លាននាក់បន្ថែមទៀត៕