(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បាន​អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ ​បំពាក់មេដាយដល់មន្ដ្រីនគរបាលជាតិ ជាង១០០នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយក្នុងនោះស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណា ត្រូវបានបំពាក់ស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ ជាផ្លូវការ។

ក្រៅពីការ​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិហើយនោះ ក៏មានការប្រគល់មេដាយការងារផងដែរ ដោយមេដាយមាស, មេដាយប្រាក់, មេដាយសំរិទ្ធ និងប័ណ្ណសរសើរផងដែរ។ ក្នុងនោះរួមមាន មេដាយការពារជាតិថ្នាក់មាស១០នាក់, ថ្នាក់ប្រាក់១០នាក់, សំរិទ្ធិ៤នាក់, មេដាយមុនីសារភ័ណ្ឌថ្នាក់ធិមឌិន ២នាក់, មេដាយការងារថ្នាក់មាស១០នាក់, ថ្នាក់ប្រាក់១០នាក់, សំរិទ្ធិ១០នាក់ និងប័ណ្ណសរសើរជូន១៣អង្គភាព។

លោកឧត្តមសេនីយ៍ទោ ឡុច សុវណ្ណា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានឡើងថ្លែងនូវមតិចាប់អារម្មណ៍ និងសន្យា ដែលតំណាងឲ្យមន្ដ្រីនគរបាល ទើបប្រកាសមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរថ្មី។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បាន​ក្រើនរំលឹកដល់កម្លាំងនគរបាល​ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយជៀសឲ្យផុត ពីការដាក់វិន័យរបស់ថ្នាក់លើ ដែលកម្លាំងនគរបាលធ្វើកិច្ចការងារ ជាមួយប្រជាពលរដ្ឋប្រព្រឹត្តកំហុសឆ្គង ហើយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គម បង្កឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិ។

ការ​ដាក់តឿនពីសំណាក់អគ្គស្នងការរងនគរបាលជាតិ ក្រោយគេមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ គឺមានកម្លាំងនគរបាលមួយចំនួនតូ​ច បានធ្វើកិច្ចការងារមានកំហុសប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ហើយបានរងការបង្ហោះរូបភាពតាមបណ្តាញព័ត៌មានសង្គមកន្លងមកនេះ នូវការរិះគន់ និងប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ហើយ​មន្រ្តីនគរបាលដែល​ប្រព្រឹត្តខុសនោះ ត្រូវបានថ្នាក់លើដាក់វិន័យជាបន្តបន្ទាប់នោះហើយផងដែរ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កម្លាំងនគរបាល ដែលបាន​ការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨កន្លងទៅនេះ៕