(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហាក់មិនបង្អង់យូរទៀតទេ ដោយបានប្រកាសនៅថ្ងៃនេះថា រដ្ឋសភាអាណត្តិទី០៦ នឹងបើកកិច្ចប្រជុំលើកដំបូងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ហើយក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏នឹងបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបានបន្តដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម្សិលមិញនេះ សម្តេចបានចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំព្រះរាជទានពីព្រះអង្គ ទៅលើការកែប្រែ អំពីកាលបរិច្ឆេទនៃការកោះប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី។
តាមការគ្រោងទុក នៅគ្រាមុននេះ សម្តេចតេជោ ហ៊ុន សែន មានបំណងកំណត់ការប្រជុំសភាលើកដំបូង ធ្វើនៅថ្ងៃទី១៩ ខែកញ្ញា ហើយល្ងាចថ្ងៃទី១៩ ខែកញ្ញាសភាស្បថចូលកាន់តំណែង។ ព្រឹកថ្ងៃទី២០ ខែកញ្ញា បង្កើតរាជរដ្ឋាភិបាល ល្ងាចថ្ងៃទី២០ ខែកញ្ញា រាជរដ្ឋាភិបាលស្បថចូលកាន់តំណែង ហើយនៅថ្ងៃទី២១កញ្ញា គណៈរដ្ឋមន្រ្តីប្រជុំលើកដំបូង ប៉ុន្តែបន្ទាប់ពីពិគ្រោះយោបល់ជាមួយ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺកាលបរិច្ឆេទនេះត្រូវបានប្តូរដោយកំណត់យកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីប្រជុំសភាលើកដំបូងវិញ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា សភានឹងកោះប្រជុំលើកដំបូង ក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ នៅល្ងាចថ្ងៃទី០៥កញ្ញាសភានឹងចូលស្បថកាន់តំណែង។ ថ្ងៃព្រហស្បតិ៍ទី០៦ ខែកញ្ញានឹងបង្កើតឡើងនូវក្បាលម៉ាស៊ីនរដ្ឋសភាក៏ដូចជាបង្កើតនូវរាជរដ្ឋាភិបាលថ្មី ដល់ពេលល្ងាចថ្ងៃទី០៦ ខែកញ្ញា គឺរាជរដ្ឋាភិបាលនឹងស្បថចូលកាន់តំណែង ដល់ពេលព្រឹកថ្ងៃទី០៧ ត្រូវនឹងថ្ងៃសុក្រគណៈរដ្ឋមន្រ្តីថ្មីនឹងបើកកិច្ចប្រជុំលើកដំបូង»។
សម្តេចបានពន្យល់ទៀតថា ការកែប្រែនេះមិនមានខុសច្បាប់ ឬរដ្ឋធម្មនុញ្ញនោះទេ ព្រោះច្បាប់បានកំណត់ថា ការបង្កើតរដ្ឋសភា ត្រូវធ្វើឡើងយ៉ាងយូរ៦០ថ្ងៃ ក្រោយប្រកាសលទ្ធផលបោះឆ្នោត។ សម្តេចថ្លែងថា ថ្ងៃទី១៥ ខែសីហា គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ ហើយអំឡុងពេលនោះ ទុកឱ្យមានការប្តឹងតវ៉ា និងដោះស្រាយតាំងពីថ្នាក់គ.ជ.ប រហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។
សម្តេចបញ្ជាក់ថា «ដូច្នេះ១០ថ្ងៃ វាគ្រប់គ្រាន់សម្រាប់ក្រុមប្រឹក្សាធម្មនុញ្ញហើយ ដូច្នេះនៅដើមខែកញ្ញា គណៈកម្មការជាតិរៀបចំការបោះឆ្នោត អាចនឹងប្រកាស លទ្ធផលស្ថាពរ បែងចែកអាសនៈ និងកំណត់ឈ្មោះអ្នកដែលជាប់ឆ្នោត ដូច្នេះដល់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ដែលព្រះអង្គត្រូវកោះប្រជុំតែម្តង»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ បានបញ្ចប់ដោយភាពជោគជ័យនៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាមួយនឹងសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ គ្មានការគំរាមកំហែង ឬអំពើហិង្សានោះទេ។ ការបោះឆ្នោតត្រូវបានវាយតម្លៃដោយអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ស្ថាប័នព័ត៌មាន រួមទាំងគណបក្សនយោបាយជាច្រើនថា មានភាពសេរី ត្រឹមត្រូវនិងយុត្តិធម៌។
របាយការណ៍បឋមរបស់គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានជិត៧លាននាក់ ស្មើនឹង៨២.៨៩% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៨លាននាក់ ដែលចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ ដែលមានតែ៦៩.៦១% ប៉ុណ្ណោះ។ គណបក្សប្រជាជនកម្ពុជា ត្រូវបាន គ.ជ.ប ប្រកាសថា ទទួលបានការគាំទ្រ៤,៨លានសំឡេង ស្មើនឹង ៧៦.៧៨% នៃសំឡេងសន្លឹកឆ្នោតបានការទាំងមូល ដែលអាចនឹងគណនាឃើញថា គណបក្សនេះនឹងទទួលបានអាសនៈច្រើនលើសលប់៕