(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ធូ ភា អភិបាលរងខេត្ត បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមប្រជុំស្តីពីការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនតាមព្រំដែន (BLO) ជាមួយលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ប្រទេសថៃ នៅការិយាល័យទេសចរណ៍ និងពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃ ផ្សារបានឡែម ដើម្បីរួមគ្នាពង្រឹងទប់ស្កាត់ បទល្មើសគ្រឿងញៀនឆ្លងដែន ការជួញដូរមនុស្ស ជួញដូរអាវុធ និងទំនិញគេចពន្ធតាមព្រំដែនរួមគ្នា។
នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨លោក ផាន់ ចាន់ធុល បានលើកឡើងថា កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយ (BLO) កម្ពុជា-ថៃ ដែលមានព្រំប្រទល់ជាប់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការអប់រំផ្សព្វផ្សាយបង្កាទប់ស្កាត់បញ្ហាគ្រឿងញៀន តាមព្រំដែន និងធ្វើការផ្លាស់ប្តូរព័ត៌មាន តាមបន្ទាត់ព្រំដែន រាល់បញ្ហាដែលពាក់ព័ន្ធនឹងការដាំដុះ ការផលិត ការចរាចរណ៍ ការជួញដូរ ការប្រើគ្រឿងញៀន និងការចរាចរណ៍សារធាតុគីមីផ្សំ។
លោកអភិបាលខេត្តប៉ៃលិន ក៏បានសំណូមពរដល់ (BLO) កម្ពុជា-ថៃ ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការគ្នាឲ្យបានកាន់តែល្អ ដើម្បីពង្រឹង និងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន និងការជួញដូរមនុស្ស ការជួញដូរអាវុធ ព្រមទាំងទំនិញគេចពន្ធដោយខុសច្បាប់ តាមបន្ទាត់ព្រំដែនឲ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ ការប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនថ្មី Border Pass ការកសាងស្ពានឆ្លងព្រំដែន បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិនផងដែរ។
លោក វីធូរ៉ាត់ ស្រ៊ីណាម បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាង (BLO) ប្រទេសកម្ពុជា មានខេត្តប៉ៃលិន ខេត្តបាត់ដំបង និងប្រទេសថៃ មានខេត្តចាន់បុរី នាពេលកន្លងមក ដោយបានសហប្រតិបត្តិគ្នាបានល្អ លើការទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត តាមបន្ទាត់ព្រំដែន រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ហើយក៏សំណូមពរដល់ (BLO) ថៃ-កម្ពុជា ត្រូវសហការគ្នា សម្របសម្រួលការងារបន្ថែមជាមួយគម្រោងអនុតំបន់ ស្តីពីភាពជាដៃគូ នៃមន្ត្រីអនុវត្តន៍ច្បាប់ក្នុងតំបន់ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បទល្មើសគ្រឿងញៀនដល់ទៅ ៨,១៧៣ករណី ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅឆ្នាំ២០១៧ ដោយមានកំណើនដល់ ៩២.៤៨ភាគរយ បើធៀបនឹងតួលេខឆ្នាំ២០១៦ ដែលមានចំនួន ៤,២៤៦ករណី ខណៈដែលមនុស្សដល់ទៅ ១៧,៧៩៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងអំឡុងប្រតិបត្តិការនោះផងដែរ៕