(ព្រៃវែង)៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ដីស្រែរបស់ប្រជាកសិករជាង៣ហិកតា នៅស្រុកបាភ្នំ ខេត្តព្រៃវែង បាននិងកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងមិនមានទឹកបញ្ចូលស្រែ ដើម្បីការលូតលាស់។
ចំពោះនឹងបញ្ហានេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានបញ្ជាឲ្យរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ទីរធនធានទឹកខេត្តព្រៃវែង រួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅដល់គោលដៅ ដើម្បីជួយអន្តរាគមន៍នាំទឹកចាក់បញ្ចូលស្រែជូនប្រជាកសិករឡើងវិញ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា គិតមកដល់ពេលនេះ ដីស្រែរបស់ប្រជាកសិករតែ ជាង៣ហិកតាទេ នៅមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង បាននិងកំពុងជួយគ្រោះរាំងស្ងួត ប៉ុន្តែក្រុមការងាររបស់ក្រសួងដឹកនាំដោយលោកស្រី សេង វ៉ានសាយ និងអនុរដ្ឋលេខាធិការលោកស្រី វ៉ាន់ ចាន់ថូ រួមសហការជាមួយមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងជួយអន្តរាគមន៍ជូនហើយ។
បើតាមលោក ចាន់ យុត្ថា នៅក្របខណ្ឌទូទាំងប្រទេស ក្រុមការងារក្រសួងធនធានទឹក បានចុះជួយអន្តរាគមន៍ជាបន្តបន្ទាប់ លើការបញ្ជូនទឹកទៅកាន់តាមប្រឡាយមេ ស្ទឹង... ដើម្បីឲ្យប្រជាកសិករ អាចនាំទឹក បញ្ចូលស្រែរបស់ពួកគាត់បាន ដូច្នេះទំហំនៃការប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនោះ មិនមានអ្វីធ្ងន់ធ្ងរនោះឡើយ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ កម្ពុជាកំពុងប្រឈមការកើតឡើង នៃគ្រោះទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់ខេត្តចំនួន៤ របស់កម្ពុជា រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដោយសារទឹកជំនន់ទន្លេមេគង្គលើ បណ្តាលឲ្យពលរដ្ឋជាង១ម៉ឺនគ្រួសាររងការប៉ះពាល់ និងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ។
លោក ចាន់ យុត្ថា បានបន្ថែមថា សម្រាប់ខេត្តបាត់ដំបងវិញ នៅស្រុកគាស់ក្រឡ និងស្រុករុក្ខគិរី ក្រសួងធនធានទឹក បាននិងកំពុងសាងសង់អាងស្តុបទឹកមានឈ្មោះថា «ដូនទ្រី» ដែលមានសមត្ថភាព អាចស្តុបទឹកបាន១៩៣លានម៉ែត្រគូប អាចជួយផ្គត់ផ្គង់លើការស្រោចស្រពបានរាប់រយហិកតានៅតំបន់នោះ។
រីឯស្រុកឯកភ្នំវិញ ជាតំបន់ទំនាបនៃបឹងទន្លេសាប ដែលពីមុនប្រជាពលរដ្ឋបានធ្វើស្រែប្រដេញទឹក (ទឹកឡើងកម្ពស់ណា ស្រូវឡើងតាមកម្ពស់ហ្នឹង) ប៉ុន្តែឥឡូវប្រជាពលរដ្ឋបានប្រែមកធ្វើស្រូវប្រាំង និងស្រូវស្រាល ទើបពេលទឹកទន្លេសាបឡើងបណ្តាលឲ្យជន់លិចតែម្តង៕