(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងជើងលោក រី យ៉ុង ហូ (Ri Yong-ho) នៅក្នុងទីក្រុងតេហេរ៉ង់នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងថ្ងៃតែមួយដែលការទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ចូលជាធរមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
លោក Zari បានទទួលស្វាគមន៍លោក រី និងក្រុមប្រតិភូកូរ៉េខាងជើង នៅឯក្រសួងការបរទេសអ៊ីរ៉ង់ ប៉ុន្តែពុំមានការចេញសេចក្ដីថ្លែងការណ៍ ទៅកាន់អ្នកសារព័ត៌មានឡើយ។ លោក រី កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅក្នុងទីក្រុងតេហរ៉ង់ ហើយ លោកនឹងត្រូវជួបជាមួយប្រធានាធិបតី ហាស្សាន់ រូហានី នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាពីទំនាក់ទំនងភាគី និងបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ា។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក រី យ៉ុងហូ កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិកប្រកាស ដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ ជាមួយការព្រមានធ្ងន់ៗពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ថានឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបណ្ដាទាំងឡាយណាដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ក្រោយទណ្ឌកម្មអាមេរិកចូលជាធរមានកាលពីថ្ងៃអង្គារ៕