(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ បងប្អូនខ្មែរឥស្លាមដែលអញ្ជើញទៅចូលរួមបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានចំនួនកើនឡើងគួរឲ្យកត់សំគាល់ ដែលកាលពីឆ្នាំ២០១៧ មានចំនួន៦៤៤នាក់ តែឆ្នាំនេះកើនឡើងរហូតដល់១,០០៨នាក់ ដែលក្នុងនោះ៩៩០នាក់ មានលទ្ធភាពរ៉ាប់រងការចំណាយថវិកាដោយខ្លួនឯង សរុបទាំងអស់ប្រមាណ ៣,៥៦៤,០០ដុល្លារអាមេរិក។
បើតាមលោក អូស្មាន ហាស្សាន់ នេះគឺជាសញ្ញាមួយ ដែលសបញ្ជាក់ឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបាននូវជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខ ជាបន្តបន្ទាប់ដែលជាចំណែកមួយ នៃការកើនឡើងសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ការថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោករដ្ឋមន្ត្រីប្រតិភូអូមនាយករដ្ឋមន្ត្រី បានអញ្ជើញជូនដំណើរបងប្អូនខ្មែរឥស្លាមចំនួន៥៣នាក់ ទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
ជាមួយគ្នានេះ លោកបានសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែបានដោះស្រាយនូវបញ្ហាជាច្រើន ជាពិសេស នាពេលកន្លងមក ពាក់ព័ន្ធនឹងចំនួនកូតាអ្នកទៅធ្វើហាជ្ជី ដែលរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានដាក់កម្រិតសម្រាប់ប្រទេសកម្ពុជា មានតែ៥០០នាក់ ទៅ៦០០នាក់ប៉ុណ្ណោះ។
ដោយកត្តាកូតានេះ កាលពីឆ្នាំ២០១៥ ខ្មែរឥស្លាមបានខកខានមិនអាចទៅចូលរួម ប្រមាណ៥០០នាក់ ដោយសារគេមិនផ្តល់ទិដ្ឋាការជូន។ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន បានចាត់លោក អូស្មាន ហាស្សាន់ ដែលជាសេនាធិការ ដើម្បីធ្វើការទំនាក់ទំនងជាមួយក្រសួងហាជ្ជី នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាបន្ទាន់។ បន្ទាប់ពីបានពិនិត្យមើលជាក់ស្តែង ដែលកម្ពុជាធ្លាប់បានជួបប្រទះនូវសង្គ្រាម ខកខានមិនបានចូលរួមប្រតិបត្តិបុណ្យហាជ្ជជាង២០ឆ្នាំ ក្រោយមក សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឲ្យមានសុខសន្តិភាព ព្រមទាំងសុខដុមបនីយកម្មផ្នែកសាសនា ទើបក្រសួងហាជ្ជី នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចលើកលែងការកម្រិតកូតា រហូតមកដល់បច្ចុប្បន្ន។
បន្ថែមពីនេះ លោក អូស្មាន ហាស្សាន់ ក៏បានផ្ដាំផ្ញើ និងជូនពរ ដល់បណ្តាអ្នកដែលអញ្ជើញ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជទាំងអស់ ទាំងអ្នកដែលបានចេញដំណើរផុតទៅ និងអ្នកដែលចេញដំណើរនៅថ្ងៃនេះ ព្រមទាំងបន្តបន្ទាប់សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់របស់សាសនាឥស្លាម។
សូមជំរាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីប្រមាណ៣លានអ្នក អញ្ជើញទៅប្រារព្ធបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំ២០១៨នេះ ពិធីបុណ្យនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២០ ខែសីហា ដែលមានរយៈពេលមួយសប្តាហ៍ សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះមិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕