(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ា និងសុខមាលភាព ដោយមានការចូលរួមពីម្ចាស់អាជីវកម្មស្ប៉ា និងសុខុមាលភាព អ្នកជំនាញស្ប៉ា មន្ត្រីបច្ចេកទេស សិស្ស និស្សិតប្រមាណ ១០០នាក់ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
ដើម្បីជំរុញការបណ្តុះបណ្តាលអ្នកជំនាញស្ប៉ា និងសុខមាលភាពឲ្យទទួលបានចំណេះដឹង ជំនាញ និងឥរិយាបថខ្ពស់ ក្រសួងទេសចរណ៍បានបង្កើតស្តង់ដាកម្មវិធីបណ្តុះបណ្តាលរួម ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈម៉ាស្សា និងផ្តល់ជំនាញបន្ថែមដល់អ្នកជំនាញម៉ាស្សា ស្របតាមស្តង់ដាជាតិ ដែលនឹងឆ្លើយតបទៅនឹងស្តង់ដាអាស៊ាន។
កន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលអ្នកជំនាញស្ប៉ា និងសុខមាលភាពបានជាង១០០០នាក់រួចហើយ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយផ្តល់សេវាកម្មប្រកបដោយភាពពេញចិត្ត និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
វគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ា និងសុខមាលភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងខិតខំបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀត ដល់អ្នកកំពុងបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ពីលើជំនាញដែលមានស្រាប់ ធ្វើយ៉ាងណាសម្រេចឱ្យបានតាមគោលដៅដូចតទៅ៖
• ឆ្នាំ២០២០ ទេសចរណ៍កម្ពុជានឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍កម្ពុជាបានចំនួន ៥០%។
• ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជានឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍កម្ពុជាបានចំនួន ១០០% ដោយចូលរួមជំរុញផ្សព្វផ្សាយយុទ្ធនាការបុគ្គលិកម្នាក់ជំនាញមួយ។
• ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជានឹងចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ៤ និងលេខ៨។
សូមរំឭកថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិ ដ៏ខ្លាំងក្លានាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានជិត១លាននាក់ និងឆ្នាំ២០២៥ ប្រមាណជិត ១.២លាននាក់ និងឆ្នាំ២០៣០ បានចំនួន ២លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។