(ភ្នំពេញ)៖ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ គ្មានសិទ្ធិទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញទេ ហើយការទាមទារបែបនេះ គឺផ្ទុយទាំងស្រុងទៅនឹងច្បាប់របស់កម្ពុជា។ នេះបើតាមការអះអាងរបស់ លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់យ៉ាងច្បាស់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។
លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីលោក សម រង្ស៉ី សុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺមិនអាចទៅរួចទេ ពីព្រោះលោក សម រង្ស៉ី ពុំមែនជាបេក្ខជន ដែលស្ថិតនៅក្នុងបញ្ជីបេក្ខជនគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតទេ។ អញ្ចឹងបញ្ជាក់ឡើងវិញថា ករណីនេះមិនអាចទៅរួចទេ ពីព្រោះវាផ្ទុយទៅនឹងច្បាប់»។
បើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ, ចំពោះការរាប់សន្លឹកឆ្នោតឡើងវិញ អាចធ្វើបាននៅពេលដែលមានគណបក្សនយោបាយប្តឹងអំពីភាពមិនប្រក្រតីធ្ងន់ធ្ងរដែលនាំឲ្យប៉ះពាល់ លទ្ធផលនៃការបោះឆ្នោត យ៉ាងហោចណាស់ក្រោយការបោះឆ្នោតរយៈពេល១ថ្ងៃ មានន័យថា ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បក្សនយោបាយត្រូវដាក់ ពាក្យបណ្តឹងនេះទៅគណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយគណៈកម្មការនេះ នឹងធ្វើសេចក្តីសម្រេចមួយ។
លោកបន្តថា បើគាត់មិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោតនោះ បក្សនយោបាយដែលចូលរួមការបោះឆ្នោតនោះ មានសិទ្ធិប្តឹងទៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ហើយបើមិនពេញចិត្តសេចក្តីសម្រេចរបស់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត គាត់អាចប្តឹង គ.ជ.ប បន្តទៀតតែម្តង។
លោក សោម សូរីដា បានបញ្ជាក់បន្ថែមថា «មកដល់ គ.ជ.ប បើ គ.ជ.ប ពិនិត្យឃើញភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុក ហើយជឿជាក់បានថាបណ្តឹងនោះ ពិតជាបង្ហាញភាពមិនប្រក្រតី ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត គ.ជ.ប អាចសម្រេចអំពីការបដិសេធបណ្តឹង ឬសម្រេចអំពីការបើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ សម្ភារៈ ឯកសារបោះឆ្នោត និងរាប់សន្លឹកឆ្នោតឡើងវិញ»។
បើតាមអគ្គលេខាធិការរងរូបនេះ, មានតែស្ថាប័ន២ទេ ទើបមានសិទ្ធិសម្រេចនៅក្នុងការរាប់សន្លឹកឆ្នោតឡើងវិញ នោះគឺ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មុននឹងឈានដល់ការរាប់សន្លឹកឆ្នោតឡើងវិញ លុះត្រាតែមានបណ្តឹង បានប្តឹងតាមឋានានុក្រម ដែលបានបញ្ជាក់ពីខាងដើមមកនេះជាមុនសិន។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីរាប់សន្លឹកឆ្នោតឡើងវិញ មិនមែនប្តឹងហើយរាប់នោះទេ ត្រូវមានកិច្ចរបស់វាផ្តើមចេញពីការប្តឹងនៅការិយាល័យបោះឆ្នោតពីព្រោះថ្នាក់ឃុំ-សង្កាត់ ថ្នាក់រាជធានី-ខេត្ត ។ ការបើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីផ្ទៀងផ្ទាត់ឲ្យពិនិត្យសម្ភារ ឯកសារ និងរាប់សន្លឹកឆ្នោតឡើងវិញ មានតែគ.ជ.ប ទេ។ ហើយប្រសិនបើគ.ជ.ប បដិសេធមិនទទួលយក បណ្តឹងរបស់គាត់ទេនោះ គាត់មានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែករណីនេះ គាត់អាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបាន លុះត្រាតែគ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្នសិន ប៉ុន្តែករណីបណ្តឹងបែបនេះគឺបញ្ចប់បិទផ្លូវតវ៉ានៅគ.ជ.ប មួយរយៈ ដែលជាករណីទី១»។
លោកបន្តថា៖ «ករណីទី២ អាចរាប់សន្លឹកឆ្នោតឡើងវិញ នៅពេលដែលគ.ជ.ប ប្រកាសលទ្ធផលជាបណ្តោះអាសន្ន ហើយគណបក្សនយោបាយ គាត់ប្តឹងជំទាស់ទៅនឹងលទ្ធផលមួយផ្នែក ឬទាំងមូល នៃលទ្ធផលបោះឆ្នោត ដែលត្រូវប្តឹង ៧២ម៉ោង បន្ទាប់ពីថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន។ ហើយប្រសិនបើ មានភស្តុតាងធាតុផ្សំ៣ មានន័យថា គាត់មានបណ្តឹងម្តងហើយ។ ធាតុផ្សំទី១ ករណីដលគាត់ធ្លាប់ប្តឹងនៅថ្នាក់ឃុំ-សង្កាត់ ហើយបន្តមកគ.ជ.ប។ ធាតុផ្សំទី២ គាត់ប្តឹងក្នុងអំឡុងពេល ៧២ម៉ោងដែលច្បាប់បានកំណត់នៅក្នុងមាត្រា១៣១។ ធាតុផ្សំទី៣ គាត់ត្រូវមានភស្តុតាងថា គណៈកម្មការថ្នាក់ណាមួយ បានប្រព្រឹត្តល្មើស ត្រូវមានសាក្ស៉ីរបស់វា ដើម្បីឈានទៅដល់ការរាប់សន្លឹកឆ្នោតឡើងវិញ»។
បើតាមលោក សោម សូរីដា, ការទាមទារឲ្យរាប់សន្លឹកឆ្នោតភា្លមៗ គឺមិនអាចទៅរួចទេ ក្នុងករណីដែលភ្នាក់ងារ ឬតំណាងគណបក្សនយោបាយ មិនបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ សម្រាប់ករណីលោក សម រង្ស៉ី កាន់តែគ្មានសិទ្ធិនៅក្នុងការស្នើសុំ ឲ្យរាប់សន្លឹកឆ្នោតឡើងវិញទៅទៀត ហេតុផលចម្បងនោះគាត់ ពុំមែនជាភ្នាក់ងារគណបក្សនយោបាយ ពុំមែនជាបេក្ខជនគណបក្សនយោបាយឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះទេ។
«ប្រសិនបើលោក សម រង្ស៉ី ជាភ្នាក់ងារគណបក្សនយោបាយ ឬជាតំណាងឲ្យគណបក្សនយោបាយ ប្តឹងអំពីភាពមិនប្រក្រតី ដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត តាំងពីថ្នាក់ឃុំ រហូតដល់គ.ជ.ប ហើយប្តឹងទៅនឹងការប្រកាលលទ្ធផលបណ្តោះអាសន្ន ទើបនាំទៅដល់ការរាប់សន្លឹកឆ្នោតជាថ្មីបាន។ ប៉ុន្តែទី១ ធាតុផ្សំអត់មាន និងទី២ គាត់គ្មានសិទ្ធិក្នុងការប្តឹងផង»។ នេះបើតាមការបន្ថែមរបស់អគ្គលេខាធិការរងគ.ជ.ប៕