(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូ ខេត្តមណ្ឌលគរី ដឹកនាំដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងសាខាកាកបាតក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងទទួលនូវថវិការ៨,១០០ដុល្លារ និង២៨,៥០០,០០០រៀល សម្រាប់ជួយពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ នៅសាលាខេត្តក្រចេះ។
ក្នុងឱកាសនោះ លោក វ៉ា ថន បានលើកឡើងអំពីស្ថានភាពទឹកទន្លេមេគង្គ និងផលប៉ះពាល់ដោយសារទឹកជំនន់ ឱ្យគណៈប្រតិភូខេត្តមណ្ឌលគិរី ជ្រាបថាឆ្នាំនេះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ចាប់ឡើងពីដើមខែកក្កដា ដែលមានកំរិតកំពស់ទឹកគួរ ឱ្យកត់សម្គាល់ ដល់កម្រិតអតិបរមា កម្ពស់២១.៨២ម៉ែត្រ គិតត្រឹមម៉ោង១២នឹង00នាទីថ្ងៃទី ៧ ខែសីហានេះ។ ទន្ទឹមនោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានធ្វើការតាមដាន ផ្តល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយត្ន័ខ្ពស់ និងត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តក្រចេះ បានបន្តថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន៤ និងក្រុង១លើ ២៩ឃុំ/សង្កាត់ នៅជាប់តាមដងទន្លេមេគង្គ និងព្រែកមួយចំនួនដែលផលប៉ះពាល់រួមមាន៖ ផ្នែកកសិកម្ម ប៉ះពាល់ស្រូវ ២,២៣៦ហិកតា ដំណាំរួមផ្សំ ១,០៨៦ហិកតា។ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ះពាល់ផ្លូវខេត្តប្រវែង ២០០ម៉ែត្រ ផ្លូវលំជនបទប្រវែង ២៦២,២៣០ម៉ែត្រ និងអណ្ដូងស្នប់ ៥៩កន្លែង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៦,៩៨៤ខ្នងផ្ទះ សាលារៀន ៨១កន្លែង មណ្ឌលសុខភាពនឹងប៉ុស្តិ៍សុខភាព ៣កន្លែង និងវត្តអារាម ១៨កន្លែង។ ក្នុងនោះ ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព មានចំនួន ១,០៤៤គ្រួសារ និងសត្វគោក្របីសរុបចំនួន ៦,៤៩៨ក្បាល។
ក្នុងជំនួបនោះដែរលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ក្រោយពីបានស្ដាប់មតិស្វាគមន៍របស់លោកម វ៉ា ថន អំពីស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដោយទឹកជំនន់ ទៅលើប្រជាពលរដ្ឋ នៅទូទាំងខេត្តក្រចេះ។ លោក ស្វាយ សំអៀង ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគីរី និងសាខាកាកបាតក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានសម្តែងការចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់កំពុងកើតមានឡើង។
នារសៀលនោះដែរលោក ស្វាយ សំអ៊ាង ក៏បានប្រគល់នូវថវិការរបស់រដ្ឋបាលខេត្ត និងថវិការសាខាកាកបាតក្រហមកម្ពុជា ខេត្តមណ្ឌលគីរី ចំនួន៨១០០ដុល្លារ និង២៨,៥០០,០០០រៀល ប្រគល់ជូនរដ្ឋបាលខេត្តក្រចេះ សម្រាប់ប្រជាពលរដ្ឋ រងគ្រោះ។ ដែលទាំងនេះ បានសបញ្ជាក់ឲ្យឃើញពីវប្បធម៌នៃការចែករំឡែកគ្នា រវៀងរដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ និងបង្ហាញពីឆន្ទះ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះសាមគ្គី ខ្មែរចេះជួយខ្មែរ ក្នុងគ្រាមានអាសន្ន និងក្នុងនាមខ្មែរតែមួយ ស្ថិតក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក វ៉ា ថន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស្វាយ សំអៀងរួមជាមួយគណៈប្រតិភូអមដំណើរ ក៏ដូចជារដ្ឋបាលខេត្តមណ្ឌលគិរីទាំងមូល ដែលបានយកចិត្តទុកដាក់គិតគូរផ្តល់ថវិកាជួយសម្រាលការលំបាកដល់ប្រជាជន នៅក្នុងខេត្តក្រចេះ៕