(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន១៦គ្រួសារដែលរងគ្រោះដីធ្លីដ៏រ៉ាំរ៉ៃ ដោយការប្តឹងរំលោភយកដីពីឈ្មួញម្នាក់ បានលើកដៃសំពះប្រណមអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យពួកគាត់ដោយក្តីសន្តោសប្រណីផង។
ការអំពាវនាវបានធ្វើឡើងនៅពេលដែលពួកគាត់ បាននាំយកពាក្យបណ្តឹងប្តឹងទៅលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច ដើម្បីលុបចោលលិខិតបង្កកដីធ្លីពួកគាត់ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ តែត្រូវបានមន្រ្តីក្រសួងមិនទទួលយក ហើយក៏បន្តប្តឹងទៅសាលាខេត្តកណ្តាលបន្តទៀត ដើម្បីស្នើសុំគណៈអភិបាល ខេត្តកណ្តាល ជួយរកយុត្តិធម៌ ពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ឋិដល់ពួកគាត់ ឲ្យបានឆាប់រហ័ស។
លោកស្រី យឺន សុខន ប្រជាពលរដ្ឋម្នាក់ក្នុងចំណោម១៦គ្រួសារខាងលើ បានឲ្យដឹងថា ដីកសិកម្មទំហុំជាង៥៥ហិកតា នៅចំណុចប្ញស្សីជ្រោយ ចំណុចកោះតាអោ និងច្រករោងគោ ក្នុងភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ត្រូវបានពួកគាត់កាន់កាប់អាស្រ័យផល តាំងពីឆ្នាំ១៩៩៥មក តាមរយៈការឆ្ការព្រៃប្រឈមនឹងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសត្វសាហាវថែមទៀត។ រហូតដល់ឆ្នាំ២០០៧ ក្រុមហ៊ុនស៊ិនដាយ បានដាក់គ្រឿងចក្រឈូសឆាយព័ទ្ធ ជាទំនប់រំលោភលើដីពួកគាត់ និងពលរដ្ឋច្រើនរយគ្រួសារផ្សេងៗទៀត បង្កឲ្យផ្ទុះការតវ៉ាជាបន្តបន្ទាប់។
ក្រោយមកសម្តេចតេជោ ហ៊ុន សែន បានកាត់ដីទំនាស់នេះ ចេញពីក្រុមហ៊ុនស៊ិនដាយ ហើយបានប្រគល់មកឲ្យពលរដ្ឋ១៦គ្រួសារខាងលើ រួមនិងពលរដ្ឋច្រើនរយនាក់ទៀត តាមរយៈលិខិតលេខ ៥៦៣ ស.ជ.ណ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៨ ចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រីបន្តថា ក្រោយពីមានអន្តរាគមន៍ ពីសម្តេចនាយករដ្ឋមន្ត្រី ពួកគាត់បានចូលកាន់កាប់វិញធម្មតា លុះរហូតមកដល់ឆ្នាំ២០១៥ ស្រាប់តែឈ្មោះ ខៀវ វិសេស បានមកចរចាសុំទិញដីរបស់ពួកគាត់ ចំនួនពីរលើក តែពួកគាត់មិនបានលក់នោះទេ។ ស្រាប់តែមកទល់ឆ្នាំ២០១៦ ឈ្មោះ ខៀវ វិសេស ប្តឹងមកលោកស្រី ម៉ែន សំអន ថាភាគីពលរដ្ឋ១៦គ្រួសារនោះ រំលោភយកដីរបស់ខ្លួនចំនួន ៣២ហិកតាទៅវិញ ដោយអះអាងថា បានទិញពីពលរដ្ឋ២០គ្រួសារផ្សេងទៀត ដែលមិនមានឈ្មោះ ក្នុង ស.ជ.ណ ខាងលើនោះឡើយ។
ដោយសារមានពាក្យបណ្តឹង មិនប្រក្រតីខាងលើ ភាគីពលរដ្ឋ១៦គ្រួសារ ក៏បានប្តឹងទៅសាលាខេត្តកណ្តាល ប្តឹងទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ឲ្យជួយអន្តរគមន៍ជាបន្តបន្ទាប់ទៀត។
ក្រោយមកក៏មានការចុះពិនិត្យវាស់វែងដីពីគណៈកម្មការចម្រុះខេត្ត រកឃើញថា ដីនោះពិតជាដីស្របច្បាប់របស់ភាគី ពលរដ្ឋ១៦គ្រួសារ ដែលសម្តេចតេជោ ប្រគល់ឲ្យតាមរយៈ ស.ជ.ណ ៥៦៣ ពិតប្រាកដមែន។ ឃើញដូច្នេះខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី បានចេញដីកាបញ្ជូន ទៅក្រសួងដែនដីឲ្យ ពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិ ជូនភាគីពលរដ្ឋ១៦គ្រួសារ តាមរយៈលិខិតលេខ ៧៧២ខន/០១៨ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ បន្ទាប់មកក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ក៏បានចេញលិខិតអន្តរាគមន៍ ទៅអភិបាលនៃគណៈអភិបាលខេត្តកណ្តាល តាមរយៈលិខិតលេខ ១១៣៤ដនស/អសដភ ចុះថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៨ ឲ្យពន្លឿនក្នុងការចេញប័ណ្ណ ជូនភាគីពលរដ្ឋបន្តទៀត ហើយគណៈកម្មការចម្រុះខេត្តកណ្តាល ក៏បានចុះពិនិត្យវាស់វែងត្រៀមចេញប័ណ្ណជូនពលរដ្ឋផងដែរ ។
ក្រោយពីបានត្រួតពិនិត្យដីជាក់ស្តែង និងយកនិយាមការ ដើម្បីកសាងប័ណ្ណជូនភាគីពលរដ្ឋ១៦គ្រួសារ ស្រាប់តែលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ចេញលិខិតស្នើឱ្យរដ្ឋបាលខេត្តកណ្តាលបង្កកដីនោះទុកសិន។ ដោយមើលឃើញការបង្កកដី ដ៏អយុត្តិទៅលើប្រជាពលរដ្ឋស្របច្បាប់ ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ចេញដីកាបញ្ជូនជាថ្មីទៀត លេខ១៣៤១ខន/០១៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្នើលោកស្រី ម៉ែន សំអន លុបចោលលិខិតបង្កកដីប្រជាពលរដ្ឋ ដើម្បីផ្តល់លទ្ធភាពឲ្យអាជ្ញាធរខេត្ត និងក្រសួង ពន្លឿនក្នុងការផ្តល់ប័ណ្ណកម្មសិទ្ឋដី ជូនភាគីពលរដ្ឋ១៦គ្រួសារខាងលើ។
ពលរដ្ឋអះអាងថា មកទល់ពេលនេះ ពួកគាត់នៅមិនទាន់មានដំណោះស្រាយដីធ្លីនោះទេ ហើយមានតែលើកដៃប្រណមសំពះសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍មកក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តកណ្តាល ពន្លឿនផ្តល់ប័ណ្ណជូនភាគីកាន់កាប់ដីស្របច្បាប់។ យ៉ាងណាក៏ដោយ នៅថ្ងៃនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីឈ្មោះ ខៀវ វិសេសបាននោះទេ ដែលប្រជាពលរដ្ឋបានចោទនោះ៕