(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ មានការចែកចាយបន្ដគ្នា តាមបណ្ដាញសង្គម Facebook ថា ជនជាតិវៀតណាមនៅក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាទៅបង់ពន្ធជូនរដ្ឋ ដើម្បីសុំសិទ្ធិរស់នៅជាអចិន្ដ្រៃយ៍ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យមានភ័ន្តច្រឡំ និងចោទមកដល់អាជ្ញាធររាជរដ្ឋាភិបាលយ៉ាងខ្លាំង។
ឆ្លើយតបការរិះគន់នេះ អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន តាមរយៈអង្គភាព Fresh News នៅល្ងាចថ្ងៃនេះ បានបកស្រាយថា ករណីជនជាតិវៀតណាម នៅក្នុងខេត្តកំពង់ឆ្នាំង ដែលនាំគ្នាទៅបង់ពន្ធនេះ គឺក្នុងនាមជាជនអន្ដោប្រវេសន៍ ដែលមានសុពលភាពរយៈពេល២ឆ្នាំ មិនបានទៅសុំសិទ្ធិរស់នៅជារៀងរហូត ក្នុងប្រទេសកម្ពុជា ដូចការចោទប្រកាន់នោះទេ។
បើតាមលោកអភិបាលខេត្ត ជនជាតិវៀតណាមទាំងអស់នេះ មិនមែនជាអ្នកចំណូលថ្មីនោះទេ ពោលពួកគាត់ត្រូវបានរដ្ឋាភិបាលធ្វើជំរឿនតាំងពីឆ្នាំ២០០២ មានន័យថា ពួកគាត់ជាអ្នកចំណូលចាស់ ដែលបានចុះក្នុងបញ្ជីស្ថិតិជាជនអន្ដោប្រវេសន៍ ហើយរដ្ឋមិនទទួលអ្នកចំណូលថ្មីបន្ថែមទេ ក្នុងករណីរកឃើញថា មានអ្នកចំណូលថ្មី នឹងធ្វើការបណ្ដេញចេញពីកម្ពុជាតែម្ដង។
លោក ឈួរ ច័ន្ទឌឿន បានថ្លែងយ៉ាងដូច្នេះថា «ជនជាតិវៀតណាមនេះ យើងជំរឿនគាត់តាំងពីឆ្នាំ២០០២ ហើយក្រោយឆ្នាំ២០០២ យើងអត់មានទទួលស្គាល់ទៀតទេ។ ពេលដែលយើងជំរឿនរួចហើយ ជនជាតិវៀតណាមម្នាក់ៗ ពួកគាត់ដាក់ពាក្យសុំប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃ ជាជនអន្ដោប្រវេសន៍ឲ្យស្នាក់នៅអចិន្ដ្រៃយ៍ ដែលមានរយៈពេល២ឆ្នាំ ហើយអស់រយៈពេល២ឆ្នាំ ពួកគាត់ត្រូវដាក់ពាក្យសុំបន្ដទៀត។ ពេលគាត់បានប្រកាសហើយត្រូវបង់ប្រាក់២៥ម៉ឺនរៀល ទើបក្រសួងមហាផ្ទៃ ចេញប័ណ្ណបន្ដជូនពួកគាត់»។
អភិបាលខេត្តកំពង់ឆ្នាំង បានសង្កត់ធ្ងន់ថា ជនជាតិវៀតណាមដែលទៅបង់ពន្ធនេះ មិនមានអ្នកថ្មីនោះទេ ហើយបើអ្នកមកថ្មី សមត្ថកិច្ចនឹងចាប់បញ្ជូនទៅប្រទេសកំណើតវិញ ភ្លាមៗតែម្ដង ហេតុដូច្នេះហើយប្រជាពលរដ្ឋកម្ពុជា ឬអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook កុំមានការភ័ន្ដច្រឡំ តាមក្រុម ឬបុគ្គលមួយចំនួនដែលបំប៉ោងព័ត៌មាននេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ហាញថា គិតត្រឹមពេលនេះ ឆ្នាំ២០១៨ ជនបរទេសដែលរស់នៅខុសច្បាប់ និងប្រព្រឹត្តកំហុសផ្សេងៗ ត្រូវបានបណ្តេញចេញពីកម្ពុជាមានចំនួន ៣៤០នាក់ ក្នុងនោះស្រីមានចំនួន៥២នាក់ ហើយជនជាតិវៀតណាមក៏ច្រើនផងដែរ៕