(ភ្នំពេញ)៖ នៅថៃ្ងទី៧ ខែសីហា ឆ្នាំ២០១៨ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ញូង វ៉ែន អនុប្រធាននាយកដ្ឋាន សហការណ៍ជាមួយមន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ, គុណភាព និងតម្លៃលក់រាយឥន្ធនៈ នៅតាមស្ថានីយ៍ និងដេប៉ូ មួយចំនួនដែលមានទីតាំង នៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងការពាផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញ ពីចំហេះប្រេង ឥន្ធនៈមិនសមស្រប និង ពិសេសដើម្បីទប់ស្កាត់ផលិតផលកែ្លងបន្លំ។

លោក ញូង វ៉ែន បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ ផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេងដែលបាញ់ ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ ៥លីត្រ ១០លីត្រ និង ២០លីត្រ ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើប្រាស់ឧបករណ៍ដែលបានបំពាក់ នៅលើរថយន្តមន្ទីរពិសោធន៍ ប្រេងឥន្ធនៈចល័ត។

ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូទាំង ៥ទីតាំងនេះគឺ៤ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។ ដោយឡែក១ទីតាំងទៀត មិនមានអនុលោមភាពទាំងបរិមាណ និងគុណភាព។ ចំពោះថ្លៃលក់រាយ​ នៃស្ថានីយ៍ និងដេប៉ូ ទាំង៥ទីតាំង បានអនុវត្តន៍ត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម។

លោក ញូង វ៉ែន បានបញ្ជាក់បន្ថែមថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូលនឹងបន្តធ្វើការត្រួតពិនិត្យ ឲ្យបានគ្រប់ស្ថានីយ៍ និងដេប៉ូទាំងអស់ទូទាំងប្រទេស ហើយលោកក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារ ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះស្ថានីយ៍ និងដេប៉ូ ដែលបានរកឃើញ មានការលក់ប្រេងមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោតនឹងត្រូវទទួលរងនូវចំណាត់ការ តាមនីតិវិធីជាធរមាន។

លោកក៏បានបញ្ជាក់ថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុន ក្នុងការជ្រើសរើសស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្តើមជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយ។

លោកអនុប្រធាននាយកដ្ឋានរូបនេះ បានស្នើប្រជាពលរដ្ឋសូមចូលរួមតាមដានសេចក្តីជូនដំណឹង ពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គិភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេងក្នុងស្ថានីយ៍ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី-ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលមាន បាតុភាពជាយថាហេតុណាមួយ៕