(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ កម្មការិនីជាង ៣៤,០០០នាក់ បានសម្រាលកូនជិត ៣៥,០០០នាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលសរុបជិត ១៤ពាន់លានរៀល ស្មើនឹងជាង ៣លានដុល្លារអាមេរិក។ នេះបើតាមលោក អ៉ិត សំហេង រដមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

លោករដ្ឋមន្ដ្រី អ៉ិត សំហេង បានគូសបញ្ជាក់ដែរ​ថា ជាមួយនឹងការសម្រាលកូនេះកម្មការិនីទទួលបានប្រាក់ឈ្នួល ​១២០ភាគរយ នឹងឈប់សម្រាករយៈពេល៣ខែផងដែរ។​

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញត្រៀមបម្រុងថវិកាប្រមាណ ១០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ឧប្ថម្ភកម្មការិនីក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅពេលពួកគេសម្រាលកូន។ គោលការណ៍ឧបត្ថម្ភនេះ បានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ។

គោលការណ៍នេះ បានកំណត់ថាកម្មការិនី សម្រាលបានកូន១ ទទួលបានការឧបត្ថម្ភ ៤០ម៉ឺនរៀល, កម្មការិនីសម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល សម្រាប់កម្មការិនីទទួលបានកូនភ្លោះ៣ ទទួលបាន ១លាន ២០ម៉ឺនរៀល។ ការសម្រេចនេះ ក្នុងគោលបំណងជួយសម្រួលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់កម្មការិនី៕