(កែប)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ មានការរៀបចំពិធីប្រកាសតែងតាំងលោក ព្រុំ គន្ធិ ជាអភិបាលរងខេត្តកែប ជំនួសលោក ទេព យុទ្ធី ត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ថ្មីៗកន្លងមកនេះ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់លោក កែន សត្ថា អភិបាលខេត្តកែប លោកប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ នៅជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនោះ លោក សក់ សេដ្ឋា បានជំរុញឱ្យលោកអភិបាលរងខេត្តថ្មី ដែលទើបតែបានទទួលចូលកាន់មុខតំណែងនាពេលនេះ ត្រូវខិតខំរួមសហការសាមគ្គីគ្នា ដើម្បីធ្វើការអភិវឌ្ឍ និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យបានកាន់តែរីកចម្រើន និងប្រសើរឡើងបន្ថែមទៀត៕