(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើប្រតិភូនិស្សិតកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន JDS ឆ្នាំសិក្សា២០១៨-២០២០ ជួយផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិតបរទេស និងប្រជាជនជប៉ុន ដើម្បីលើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
លោករដ្ឋមន្ត្រី បានស្នើយ៉ាងដូច្នេះ «ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយអំពីសមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ហើយត្រូវចេះបំផុសឲ្យប្រជាជន និងវិនិយោគិនជប៉ុន ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន នៅក្នុងប្រទេសយើង។ លើសពីនេះត្រូវប្រកាន់ខ្ជាប់អត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតជប៉ុន និងនិស្សិតមកពីប្រទេសផ្សេងៗ»។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកសំណើនេះឡើង នាឱកាសជួបសំណេះសំណាលជាមួយប្រតិភូនិស្សិតអាហារូបករណ៍ជប៉ុន JDS ចំនួន ២៤រូប ដែលសុទ្ធសឹងតែជាមន្ត្រីរាជការ មកពីស្ថាប័នជាតិនានាទូទាំងកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងការអបអរចំពោះនិស្សិតទាំងអស់ ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន និងបានជម្រាបជូនអំពីសាវតានៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រី ក៏បានចែករំលែកសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដែលបានមកពីការអនុវត្តកម្មវិធីកំណែទម្រង់ និងគោលនយោបាយដ៏មានប្រសិទ្ធភាពជាច្រើន សំដៅលើកកម្ពស់បរិយាសកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានជូនពរដល់ប្រតិភូនិស្សិតអាហារូបករណ៍ទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា និងបានផ្តាំផ្ញើដល់ពួកគេខិតខំប្រឹងប្រែងសិក្សា ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាថ្មីៗ និងបទពិសោធន៍ល្អៗ ពីការសិក្សានៅក្នុងប្រទេសជប៉ុន ដើម្បីវិលត្រឡប់មកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល នាពេលអនាគត។
សូមជម្រាបថា កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន (JDS) គឺជាគម្រោងជំនួយឥតសំណងសម្រាប់ជួយពង្រឹងការអភិវឌ្ឍធនធានមនុស្ស ផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលជប៉ុន នៅក្នុងឆ្នាំ២០០០ ដើម្បីផ្តល់ឱកាសជូនមន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើមុខជំនាញផ្សេងៗ នៅតាមសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន។ គិតមកដល់ឆ្នាំ២០១៨នេះ មាននិស្សិតកម្ពុជាចំនួន ៤១៦នាក់ហើយ ដែលបានទទួលអាហារូបករណ៍នេះ។ សម្រាប់ពត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ http://jds-scholarship.org/country/cambodia/index.html ៕