(ភ្នំពេញ)៖ ពីមួយឆ្នាំទៅមួយឆ្នាំ អត្រាជនបរទេស ដែលមកបោះទុនវិនិយោគ រកស៊ីនៅកម្ពុជា កើនឡើងគួរឲ្យកត់សម្គាល់។ កត្តាដែលនាំឲ្យបរទេស សម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជានេះ គឺផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រទេសមានស្ថិរភាពល្អ មានសុខសន្ដិភាព បូករួមទាំងទីតាំងវិនិយោគល្អផងដែរ។
ជាស្ដែងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ វិនិយោគិនបរទេស បានបើកសម្ពោធក្រុមហ៊ុនលក់សម្ភារកីឡា ដែលមានឈ្មោះថា Decathlon នៅកម្ពុជា ជាមួយនឹងការបោះទុនខ្ទង់លានដុល្លារ ដើម្បីបម្រើដល់ការហាត់កីឡានៅកម្ពុជា។
លោក Guillaume Cutuli នាយកប្រតិបត្តិក្រុមហ៊ុន Decathlon ថ្លែងថា «កត្តាដែលនាំឲ្យខ្ញុំ សម្រេចចិត្តបើកក្រុមហ៊ុន Decathlon នៅកម្ពុជានេះ ព្រោះសង្កេតឃើញថា ប្រជាជនកម្ពុជា ទាំងប្រុស ទាំងស្រីសុទ្ធសឹង តែនិយមលេងកីឡា មួយវិញទៀតសេដ្ឋកិច្ច របស់កម្ពុជាក៏កំពុងរីកចម្រើនទៅមុខ ឥតឈប់ឈរ រីឯតម្រូវការអតិថិជន ក៏កំពុងកើនឡើង ហើយនេះជាឱកាសដ៏ស័ក្តិសមបំផុត ដែលខ្ញុំសម្រេចចិត្ត វិនិយោគនេះនៅកម្ពុជា»។
លោកបានបន្ដទៀតថា «ពួកយើងមានភាពជឿជាក់ថា នឹងទទួលបានជោគជ័យ ក្នុងការបើកហាង Decathlon នៅកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ក៏គ្រោងនឹងបន្ដបើកជាច្រើនកន្លែងទៀតនៅកម្ពុជាផងដែរ»។
លោក Guillaume Cutuli បញ្ជាក់ទៀតថា Decathlon នឹងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យក្លាយជាស្លាកសញ្ញា ដែលទទួលបានការចូលចិត្ត និងពេញនិយមនៅ ក្នុងប្រទេសកម្ពុជា ហើយគោលដៅដ៏ធំរបស់ក្រុមហ៊ុន គឺការចែកចាយសម្ភារកីឡាច្រើន
ប្រភេទជាមួយតម្លៃសមរម្យ។ Decathlon ក៏គ្រោងនឹងវិនិយោគ ទៅលើទីផ្សារលក់ទំនិញតាមអនឡាញ ក្នុងស្រុកផងដែរ ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចជាវផលិតផល ពីគេហទំព័រដោយផ្ទាល់។
សូមបញ្ជាក់ថា Decathlon ជាក្រុមហ៊ុនលក់សម្ភារកីឡាមួយ ក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡា ដ៏ធំបំផុតនៅលើពិភពលោក។ ក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំនេះ បង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ១៩៧៦ បច្ចុប្បន្នមានហាងទំនិញជាង១៣០០ហាង និងកំពុងដំណើរការក្នុង៤២ប្រទេស។
ហាង Decathlon នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ខាងមុខ ក្នុងទីតាំងខណ្ឌសែនសុខ ផ្សារទំនើបអ៊ីអនមលទី២៕