(ស្វាយរៀង)៖ ដោយសារភ្លៀវចេះតែធ្លាក់ ទឹកជំនន់ទន្លេមេគង្គចេះតែឡើង ធ្វើឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងស្រែស្រូវមួយចំនួនស្ទើរគ្រប់រាជធានី-ខេត្តកំពុងរងការលិចលង់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្នុងភូមិមួយចំនួននៅស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បែរជាជួបនូវគ្រោះរាំងស្ងួតខ្វះទឹកបង្កបង្កើនផលកសិកម្ម វាលស្រែស្ងួតហែងទៅវិញ។
ដោយសារជួបប្រទះនូវបញ្ហានេះហើយ ទើបនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ ប្រជាកសិករដែលកំពុងខ្វះទឹកធ្វើស្រែចម្ការទាំងនោះ បានអំពាវនាវសុំកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរ និងមន្ទីរជំនាញជួយដោះស្រាយទុក្ខកង្វល់នេះ។ បើតាមពលរដ្ឋរស់នៅឃុំបន្ទាយក្រាំង និងឃុំរាជមន្ទីរ នៃស្រុកកំពង់រោទ៌ បានឱ្យដឹងថា បច្ចុប្បន្នប្រជាកសិករធ្វើស្រែរំពឹងទឹកភ្លៀង តែមកដល់ខែសីហា ឆ្នាំ២០១៨នេះ ក្នុងស្រុកកំពង់រោទ៌ បែរជាមានភាពរាំស្ងួតគ្មានទឹកធ្វើស្រែគ្រប់គ្រាន់ទៅវិញ។
ពលរដ្ឋបានបន្តថា ភាពរាំងស្ងួតទាំងនេះមិនអាចបន្ទោសអ្នកណាបានទេ ព្រោះវាជាគ្រោះធម្មជាតិមិនអំណោយផលជារៀងរាល់ឆ្នាំនោះទេ តែទោះបីយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅស៊ូទ្រំាក្នុងការសាបព្រោះទាំងដីគោករង់ចាំទឹកភ្លៀងបន្តទៀត។
ប្រជាកសិករបានសំណូមពរដល់មន្ទីពាក់ព័ន្ធមេត្តាជួយស្ដារប្រឡាយចាស់ៗឡើងវិញ ខណៈប្រឡាយមួយចំនួននៅក្នុងស្រុកបានបាក់ដីរាក់អស់ហើយគ្មានទឹកមួយដំណក់ ពោលមិនអាចបណ្តែតបណ្តោយទៅតាមធម្មជាតិទាំងស្រុងនោះឡើយ ដូច្នេះសូមឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជួយរកវិធីសាស្ត្រយ៉ាងណា ដើម្បីសម្រួលដល់ការធ្វើស្រែរបស់ប្រជាកសិករ។
លោក អ៊ុន មុន្នីរដ្ឋ ប្រធានការិយាល័យកសិកម្មស្រុកកំពង់រោទ៌ បានឱ្យដឹងថា បច្ចុប្បន្ននៅស្រុកកំពង់រោទ៌ពិតជាមានភាពរាំងស្ងួតពិតមែន ស្មើនឹង៤៦ភូមិ តែកន្លែងខ្លះមានទឹកសើមៗ កន្លែងខ្លះទៀតមានភាពរាំងស្ងួតតែម្តង។
លោកបានបន្តថា ទោះបីមានភាពរាំងស្ងួតយ៉ាងណា តែប្រជាកសិករនៅតែមមាញឹកនាំគ្នាសាបព្រោះស្រូវទាំងដីស្ងួតបានជាង ១២,០២៨ហិកតាហើយ ក្នុងចំណោមផ្ទៃដី ២៧,៧១០ហិកតា ពោលស្មើនឹង ៤០%។
លោកប្រធានការិយាល័យក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ ឱ្យខិតខំដាំបន្លែ និងចិញ្ចឹមសត្វបន្ថែម ដើម្បីកាត់បន្ថយ និងជួយដោះស្រាយជីវភាពក្នុងគ្រួសារក្រៅពីមុខរបរកសិកម្ម។
សូមជម្រាបថា ពាក់ព័ន្ធនឹងករណីភាពរាំងស្ងួតនេះ លោក អ៊ុន មុន្នីរដ្ឋ បានរាយការណ៌ជូនមន្ទីរ-ក្រសួងដែលពាក់ព័ន្ធហើយ ដើម្បីចុះជួយសម្រួលតាមកាស្នើសុំរបស់ប្រជាពលរដ្ឋដែលខ្វះទឹកធ្វើស្រែចម្ការនោះ៕