(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ បានប្រគល់វិទ្យុទាក់ទង និងថវិកា ដែលជាអំណោយរបស់សប្បុរសជន ជូនដល់មន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ។
ការប្រគល់អំណោយនេះ ត្រូវបានធ្វើនៅក្នុងបរិវេណវត្តសុទស្សនារាម ហៅវត្តមាន់ដប់ ស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលបានមកពីសប្បុរសជន លោក យុង ចំរើន និងលោកស្រី ផុន សុខឃៀង ជូនដល់មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកស្រីសន្ធរ ចំនួន៥០នាក់ ក្នុងកិច្ចការពារសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ក្នុងដំណើរការយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ប្រកបដោយជោគជ័យ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន ដែលមានទឹកចិត្តប្រកបដោយសិល្បៈនៃការចែករំលែក ដើម្បីលើកទឹកចិត្តដល់កងកម្លាំងក្នុងមូលដ្ឋាន ព្រមទាំងផ្ដាំផ្ញើដល់កងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចឲ្យបានល្អប្រសើរបន្ថែមទៀត ពិសេសបម្រើសេវាជូនប្រជាពលរដ្ឋ។
សូមជម្រាបថា អំណោយនោះរួមមាន៖ វិទ្យុទាក់ទង ចំនួន២២គ្រឿង, ប្រាក់២លានប្រាំសែនរៀល (ម្នាក់ៗទទួលបាន៥ម៉ឺនរៀល)។ ចុងបញ្ចប់នៃកម្មវិធី លោកស្នងការ ក៏បានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់ក្នុងវត្តមានមី ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ អង្ករ និងបច្ច័យផងដែរ៕