(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ បានចុះថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ និងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងសង្កាត់ទៀន។
លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅ។
បើតាមលោក នុត ពុធដារ៉ា ការបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា គឺដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រទេសជាតិ រីកចម្រើនបន្តទៀត ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានទទួលជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញយ៉ាងច្បាស់ថា បងប្អូនត្រូវការសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ត្រូវការសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខប្រជាពលរដ្ឋ ពីសំណាកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរពីការលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន៕