(ភ្នំពេញ)៖ អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ លោក ស៊ឹម ស៊ីថា បានអះអាងថា ប្រជាពលរដ្ឋ​រស់នៅក្នុងរាជធានីភ្នំពេញ មានតម្រូវការ​ប្រើប្រាស់ទឹកស្អាត ប្រមាណជាង៦០ម៉ឺនម៉ែ​ត្រគូប​ក្នុងមួយថ្ងៃ ខណៈ​រដ្ឋាករទឹក ផលិតបានជាង៥៦ម៉ឺនម៉ែត្រគូប​ក្នុងមួយថ្ងៃ ដែលចំនួន​នេះនៅ​មានភាព​ខ្វះខាតនៅឡើយ។

ការលើកឡើងរបស់ លោកអគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ ក្រោយពីលោកស្រី អេវ៉ា ង្វៀន​ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បញ្ចប់ធ្វើទស្សនកិច្ច​រោងចក្រទឹកស្អាតនិរោធ នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោក ស៊ឹម ស៊ីថា បានប​ញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «សព្វថ្ងៃហ្នឹងយើងមានលទ្ធភាពក្នុងការផលិតទឹក និងចែកចាយទឹកទូទាំងរាជធានីភ្នំពេញ ៥៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយមួយឆ្នាំៗរដ្ឋាករទឹកក្រុងភ្នំពេ​ញផលិតទឹកស្អាត ជូនពលរដ្ឋនៅភ្នំពេញប្រើ​ប្រាស់ប្រមាណ​១៧០លានម៉ែត្រគូប ដូច្នេះពលរដ្ឋទទួ​ល​បា​នសេវាកម្មពីរដ្ឋាករ​ទឹកប្រមាណ​៣៣០​ពាន់គ្រួសារ។ ចំនួននេះនៅមានភាពខ្វះខាត នៅឡើងសម្រាប់ពលរដ្ឋប្រើប្រាស់»

លោកអគ្គនាយក ក៏បានអះអាងថា សព្វថ្ងៃការផ្គត់​ផ្គង់​ទឹកស្អាតនៅរាជធានីភ្នំពេញ មិនទាន់​បានគ្រប់គ្រាន់នៅឡើយទេ ព្រោះរដ្ឋាក​រទឹ​កក្រុ​ងភ្នំ​ពេញ មានលទ្ធភាពផលិត​ទឹកត្រឹមតែ​៥៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក៏ប៉ុន្ដែសេចក្ដីត្រូវការទឹកស្អាតប្រើប្រាស់​រហូ​តដល់ប្រមាណ៦០​ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ជាហេតុទើប​ធ្វើឲ្យខ្វះខាតទឹកប្រើប្រាស់នៅជាយក្រុង។ កាលណានៅជាយក្រុង​ប្រើប្រាស់ទឹកច្រើន បានធ្វើឲ្យសំពាធទឹកនៅក​ណ្ដាល​ក្រុងភ្នំពេញ មានការថយចុះមួយកម្រិត ដោយសាររោងចក្រផលិតទឹកស្អាត នៅរាជធានី​ភ្នំពេញ មាន៤កន្លែងប៉ុណ្ណោះ។

ទាក់ទិននឹងការខ្វះទឹកស្អាតប្រើប្រាស់នេះត្រូវ លោក ស៊ឹម ស៊ីថា បានលើកឡើងទៀតថា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ក៏មាន​គម្រោ​ងកសាងរោ​ងចក្រផលិតទឹកស្អាតធំៗបន្ថែមទៀត ដើម្បីទា​ន់តម្រូវការពលរដ្ឋ​ប្រើប្រាស់​នៅរាជធានីភ្នំពេញ និងជាយក្រុងផងដែរ។

យ៉ាងណាមិញ ចំពោះដំណើរការទស្សនកិច្ចរបស់​ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅរោងចក្រទឹកស្អាត​និរោធ ត្រូវបានលោកអគ្គ​នាយករដ្ឋាករទឹក បានឲ្យដឹងថា ក្នុងគោលបំណងសិក្សាស្វែ​ងយល់ ឲ្យបានដឹងច្បាស់អំ​ពីការកសាងរោងចក្រផលិតទឹកស្អាតនេះ ដែលបារំាងបានផ្តល់​ផ្នែ​ក​បច្ចេកទេសមួយចំនួន។ បើតាមលោកអគ្គនាយក ​ប្រទេសបារំាងបានជូយដល់រដ្ឋា​ករទឹកក្រុងភ្នំពេញ មានផ្នែកបច្ចេកទេស ផ្នែកឥណទាន ផ្នែកហិរញ្ញប្បទាន ដែលនៅ​រោងចក្រផលិតទឹក​ស្អាត និរោគត្រូ​វបានបារំាងផ្តល់ប្រាក់កម្ចី សម្រាប់សាងសងស្ថានីយ៍បូមទឹកឆៅ ពីទន្លេ​​មេគង្គនាពេលបច្ចុប្បន្ននេះ។

លោក ស៊ឹម ស៊ីថា បញ្ជាក់ថា បារំាងបានផ្តល់ជំនួយឥតសំណងជាដំណាក់កាល គឺ​ទី១៖បានផ្តល់ប្រាក់ជំនួយប្រមាណ៣០ម៉ឺនអ៉ឺរ៉ូ និងក្រោយមកប្រមាណ៥០ម៉ឺន អ៉ឺរ៉ូក្នុ​ងគម្រោងបដិភាគសិក្សាប្លង់មេជាដើម។

សូមរំលឹកថា រដ្ឋាករទឹករាជធានីភ្នំពេញ បានចាប់កំណើតឡើងនៅឆ្នាំ១៩៥៩ ដោយមានការតែងតាំង​ជាផ្លូវការ តាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៦០ ជាអង្គភាពផលិតកម្ម និងអាជីវកម្មរបស់រដ្ឋចំណុះផ្ទាល់សាលាក្រុងភ្នំពេញ ហើយ​ដែលបានប្រសិទ្ធនាមជាផ្លូវការថា «រដ្ឋាករទឹកភ្នំ​ពេញ»។

អង្គភាពនេះ មានភារកិច្ច​ផលិតទឹកស្អាត និងផ្គត់ផ្គង់បម្រើតាម​សំណូមពរប្រើ​ប្រាស់របស់ពល​រដ្ឋនៅរាជធានីភ្នំពេញ ព្រមទាំងធានាតុល្យភាព​ចំណូល-ចំណាយ លើការងា​រផលិតកម្ម និងវិនិយោគផងដែរ។ បច្ចុប្បន្នពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានកើនឡើងដល់ប្រមាណ១,៧​លាននាក់ ក្នុងចំណោមពលរដ្ឋជាង១៥លាននាក់ នៅទូទាំងប្រទេស៕