Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឬស្សីកែវ ថ្លែងអំណរគុណ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយការបោះឆ្នោត ស្របតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន

07-08-2018 15:03

(ភ្នំពេញ)៖ លោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ ស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះជួបសំណេះសំណាលសួសុខទុក្ខ និងថ្លែងអំណរគុណដោយផ្ទាល់តាមលំនៅដ្ឋានប្រជាពលរដ្ឋនិមួយៗ ដែលបានប្រើសិទ្ធិលទ្ធិប្រជាធិប្បតេយ្យរបស់ខ្លួន ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ កាលពីចុងខែកក្កដា ថ្ងៃទី២៩កន្លងទៅ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានលទ្ធផលល្អប្រសើរយ៉ាងក្រៃលែង ក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។

ថ្លែងនាឱកាសនោះ លោក ជា ពិសី បានផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យជួយសហការ និងរាយការភ្លាមៗមកកាន់អាជ្ញាធរសង្កាត់ ប្រសិនបើជួបរាល់ហានិភ័យផ្សេងៗនៅតាមគ្រួសារនិមួយៗ ដែលកើតមានឡើងជាយថាហេតុ ពិសេសបញ្ហាសន្តិសុខ សុវត្ថិភាព ដូចជា៖ ចោរលួច ចោរឆក់ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើងជាដើម ដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា ដែលជាការសាកសួរសុខទុក្ខ និងគិតគូរយ៉ាងហ្មត់ចត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តទៅទៀត។

លោក ជា ពិសី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមលំនៅដ្ឋាន ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ កាលពីចុងខែកក្កដា ថ្ងៃទី២៩កន្លងទៅ ដោយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា បងប្អូនបានសម្ដែងពីឆន្ទះគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសត្រូវការមេដឹកនាំ ពោពេញដោយព្រហ្មវិហារធម៌ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែបន្ដចុះជួបសំណេះសំណាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទោះបីមិនទាន់បង្កើតរាជរដ្ឋាភិបាលថ្មីក៏ដោយ ដើម្បីឆ្លើយតបនូវការខិតខំរបស់ពលរដ្ឋដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា៕