(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់ តាមផ្ទះលក់ទំនិញផ្សារសាន់គរ ស្ថិតនៅភូមិសាន់គរ ឃុំសាន់គរ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងការចុះពិនិត្យរកទំនិញខូចគុណភាពនៅក្នុងផ្សារសាន់គរ គឺបានធ្វើតេស្តបឋមទៅលើផលិតផល គ្រឿងសមុទ្រដូចជា៖ បង្គារ មឹក ពុំឃើញមាន សារធាតុគីមី Formalineទេ ហើយក៏បានធ្វើតេស្តបឋមទៅលើ លត នំបញ្ចុក មី សសៃ គុយទាវកាត់ ហើយបានរកឃើញសសៃគុយទាវកាត់ ១គីឡូកន្លះ មានសារធាតុបូរ៉ាក់ ក្រុមការងារ ក៏បានធ្វើកំណត់ហេតុដកហូតយកកំទេចចោល។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ ក៏បានរកឃើញទំនិញភេសជ្ជៈមួយចំនួន ហួស កាលបរិច្ឆេទ ដូចជា៖
ទី១-ស្រាបៀម៉ាក BLACK PANTHER ចំណុះ៣៣០mL ចំនួន១៤កំប៉ុង
ទី២-ស្រាបៀបម៉ាក CROWN ចំណុះ៣៣០mL ចំនួន១៨កំប៉ុង(ខ្មែរ)
ទី៣-ស្រាបៀម៉ាក ANKOR ចំណុះ៣៣០mL ចំនួន៥កំប៉ុង(ខ្មែរ)
ទី៤-សូដាម៉ាក Schweppes ចំណុះ330mL ចំនួន៨ដក (ខ្មែរ)
ទី៥-ភេសជ្ជះម៉ាក Red Bullចំណុះ២៥០mL ចំនួន៨ដក(ខ្មែរ)
ទី៦-ទឹកក្រូចម៉ាក Pepsi ចំណុះ៣៣០mL ចំនួន៣កំប៉ុង
ទី៧-ម្ស៉ៅស៊ុបម៉ាក រ៉តឌឺ (១៨g) ចំនួន៨កញ្ចប់(ខ្មែរ)។
មន្រ្តីកាំកុងត្រូល ក៏បានសំណូមពរ ដល់អាជីវករ ទាំងអស់ សូមកុំខឹងមន្រ្តីកាំកុងត្រូល ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។
លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
ជាមួយគ្នានោះដែរក្រុមការងារ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕