(សៀមរាប)៖ បុរសម្នាក់អាយុ៧៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានកូនៗ៧នាក់ ប្រើប្រាស់អំពើហិង្សា និងចាប់ដាក់ក្នុងរថយន្ដចេញពីខេត្តសៀមរាប ទៅខេត្តកោះកុង តែពេលមកដល់រាជធានីភ្នំពេញ ក៏ដាក់ថ្នាំដើម្បីឲ្យផ្ដិតមេដៃនៅលើលិខិតស្នាម និងឯកសារផ្សេងៗ ជាប្រយោជន៍របស់ពួកគេទាំង៧នាក់ ខណៈជនរងគ្រោះមិនបានស្ម័គ្រចិត្ត បន្ដិចណាសោះ។
យ៉ាងណាក៏ដោយ សម្រាប់ករណីនេះលោក ជា ហៃ ជាមេធាវីរបស់ជនរងគ្រោះឈ្មោះ មិន ឡម ហៅ លី ឡម អាយុ៧៣ឆ្នាំ តាមរយៈអង្គភាព Fresh News នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការសុំមោឃភាពចោលទាំងស្រុង លើលិខិតស្នាម និងឯកសារផ្សេងៗ ដែលកូនក្ដីរបស់ខ្លួនបានផ្ដិតមេដៃដោយសារការបង្ខិតបង្ខំ។
ក្នុងសេចក្ដីជូនដំណឹងលោកមេធាវី ជា ហៃ បានរៀបរាប់ថា នៅវេលាម៉ោង១២ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចប៉ុស្ដិ៍សាលាកំរើក កូនក្ដីរបស់ខ្លួនត្រូវបានកូនៗ៧នាក់ បានជិះរថយន្ដ២គ្រឿង ធ្វើសកម្មភាពចាប់បង្ខំ និងប្រើអំពើហិង្សាលើ ដោយមានការប្រតាយប្រតប់គ្នា ស្រែកឡូឡា ប៉ុន្ដែមិនមានអ្នកណាចេញមកជួយនោះទេ។ បន្ទាប់មកកូនៗទាំង៧នាក់នោះ បានបង្ខំឲ្យឪពុករបស់ខ្លួន ផ្ដិតមេដៃយល់ព្រមតាមការទាមទារ ប៉ុន្ដែជនរងគ្រោះមិនព្រមនោះទេ។
បើតាមលោកមេធាវី ក្រោយមកកូនៗទាំង៧នាក់នោះ បាននាំជនរងគ្រោះចេញពីខេត្តសៀមរាប មកភ្នំពេញទាំងយប់ ជិះរថយន្ដមួយគ្រឿង ម៉ាកឡង់ហ្គឺស័រពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F-8009 សម្រាកមួយដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ទើបកូនៗទាំងនោះ នាំជនរងគ្រោះទៅខេត្តកោះកុង សម្រាក២យប់ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ទើបនាំមករាជធានីភ្នំពេញ រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ មុនបាយថ្ងៃត្រង់ កូនទាំង៧នាក់នោះ បានឲ្យជនរងគ្រោះផ្ដិតមេដៃលើលិខិតស្នាម និងឯកសារផ្សេងៗ ជាមួយឈ្មោះ យៀង វណ្ណា និងអ្នកផ្សេងទៀត។ នៅពេលដែលហូបបាយរួចភ្លាម ក៏មានសមត្ថកិច្ចទៅរំដោះជនរងគ្រោះត្រឡប់មកវិញ។
បុរសរងគ្រោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្ដិតមេដៃលើលិខិតស្នាម និងឯកសារផ្សេងៗខាងលើនេះ ខ្ញុំបាទពុំបានធ្វើឡើងដោយស្ម័គ្រចិត្តទេ តែដើម្បីការពារសុវត្ថិភាពប្រពន្ធខ្ញុំបាទ (ប្រពន្ធទី២) និងជីវិតខ្ញុំបាទផងនោះ ទើបខ្ញុំបាទសម្រេចចិត្ត តាមការស្នើសុំរបស់កូនៗ ដែលបានលួងលោមខ្ញុំបាទថា បើខ្ញុំបាទមិនធ្វើតាមពួកវាទេ ពួកវាមិនដោះលែងប្រពន្ធខ្ញុំបាទទេ ហើយពួកវានិយាយទៀតថា បើពួកវាមិនចាប់ប្រពន្ធខ្ញុំទេ ធ្វើម្ដេចខ្ញុំព្រមផ្ដិតមេដៃឲ្យ»។
ជាមួយគ្នានេះ ជនរងគ្រោះសូមធ្វើការបដិសេធទាំងស្រុងចោលជាអសាបង់លើរាល់ឯកសារ និងលិខិតស្នាមទាំងឡាយណា ដែលខ្លួនបានផ្ដិតមេដៃជាមួយឈ្មោះ យៀង វណ្ណា និងកូនៗទាំងអស់ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ នៅថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីកូនៗទាំង៧នាក់នោះបានទេ ពីដំណើរក្នុងគ្រួសាររបស់ពួកគេ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុង៖