(កំពង់ចាម)៖ ព្រះករុណាព្រះបាទ សម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសប្រទានព្រះរាជអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ ដល់ប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ ៣៥០គ្រួសារ នៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជាវាំង យកទៅប្រគល់ជូនដល់ដៃប្រជារាស្ត្រនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ។
ព្រះរាជអំណោយ របស់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រទានចែកជូនដល់ប្រជារាស្ត្ររងគ្រោះនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២បាវ, ឃីត ២កញ្ចប់ (មុង២, ភួយ២, ក្រមា២, សារ៉ុង២), ទឹកបរិសុទ្ធ២ធុង, កៅស៊ូតង់២ផ្ទាំង, ត្រីខ២០កំប៉ុង, មី២កេះតូច, អាវយឺត និងថវិកា ៤០ម៉ឺនរៀល។
ក្នុងនោះថវិការបស់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ប្រទានចំនួន ២០ម៉ឺនរៀល និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ប្រទានចំនួន២០ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ៕