(ព្រះសីហនុ)៖ ក្រុមការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កំណត់នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ បានឆ្មក់ចុះទៅផ្លូវជាតិលេខ៤ ស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ចំនួន៧គ្រឿង ដែលកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៤។
ប្រតិបត្តិការនេះដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កំណត់របស់ក្រសួងសាធារណការ ដោយមានការចូលរួមពីមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។។
លោក សេង ឈួន បានឲ្យដឹងថា រថយន្តទាំង៧គ្រឿងនេះ សមត្ថកិច្ចចាប់បាននៅតាមផ្លូវស្រុកស្ទឹងហាវ បន្ទាប់ពីពួកគេព្យាយាមបើកបររថយន្តគេចពីជញ្ជីងថ្លឹងអូរចំណា នៅលើផ្លូវជាតិលេខ៤។
បន្ទាប់ពីថ្លឹងទៅរថយន្តខ្លះបានផ្ទុកលើសទម្ងន់ច្រើនតោន និងខ្លះទៀតលើសកម្រិតទាប។ លោក សេង ឈួន បានឲ្យដឹងដែរថា ក្រោយពេលថ្លឹងរួចរាល់មន្រ្តីបានទម្លាក់ទំនិញចេញពីលើរថយន្ត និងបានពិន័យតាមចំនួនលើសទម្ងន់ជាក់ស្តែង ដោយផ្អែកតាមច្បាប់កំណត់។ ទន្ទឹមនឹងក៏បានឲ្យម្ចាស់រថយន្តធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទម្ងន់ផងដែរ ហើយបើមានករណីដឹកលើសទម្ងន់នាពេលក្រោយទៀត នឹងចាប់រថយន្តទៅរក្សាទុកតែម្តង។
យោងតាមប្រភពពីមន្រ្តីបានទម្លាយថា រថយន្តដឹកលើសទម្ងន់ទាំងអស់នេះ ភាគច្រើនមានម្ចាស់ជាឧកញ៉ា ជាអ្នកមានធនធាន និងខ្នងមានអំណាចផងដែរ។ មន្ត្រីក៏បានរអ៊ូរទាំផងដែរពីការលំបាកក្នុងការអនុវត្តន៍ច្បាប់ចំពោះរថយន្តដឹកល្មើសច្បាប់ទាំងអស់នេះ ព្រោះតែម្ចាស់សុទ្ធតែជាអ្នកមានលុយ និងអំណាច។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ មន្ត្រីជំនាញបានឃាត់រថយន្តដឹកលើសទម្ងន់ប្រមាណ ២១២គ្រឿង និងពិន័យប្រាក់ជាង ៥០០លានរៀល។ រថយន្តដឹកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤៦តោន។
តាមរបាយការណ៍នេះបានបង្ហាញចំនួនរថយន្តដឹកលើសទម្ងន់នៅតែបន្តកើតមានច្រើន បើទោះបីអាជ្ញាធរពាក់ព័ន្ធប្រឹងប្រែងទប់ស្កាត់ខ្លាំងក៏ដោយ ដែលជាការបង្ហាញឲ្យឃើញឥរិយាបថរបស់អ្នករកស៊ីដឹកជញ្ជូនព្រោះតែចង់បានផលចំណេញមិនបានគិតពីការបំផ្លាញផ្លូវជាប្រយោជន៍សាធារណៈ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា លោកមិនចង់បានប្រាក់ពីការពិន័យរថយន្តនេះឡើយ ព្រោះថវិកាពិន័យនេះមិនអាចយកមកជួសជុលផ្លូវខូចខាតដោយសារការដឹកលើសទម្ងន់នេះឡើយ។ លោក ស៊ុន ចាន់ថុល ក៏តែងបានអំពាវនាវម្ចាស់រថយន្តដឹកលើសទម្ងន់ទាំងអស់ចូលរួមអាណិត និងស្រឡាញ់ផ្លូវដល់ដែលជាសម្បត្តិសាធារណៈ ព្រោះផ្លូវមួយខ្សែៗប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងស្វែងរកថវិកាមកសាងសង់ដើម្បីជាប្រយោជន៍ និងប្រជាជន។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសដាក់ចេញបទបញ្ជាឲ្យចាត់វិធានការតឹងរឹងបំផុតចំពោះរថយន្តដឹកលើសទម្ងន់ទាំង ដោយមិនលើកលែងនោះឡើយ ទោះអ្នកប្រព្រឹត្តនោះជាអ្នកមានលុយ មានអំណាច ពាក់ផ្កាយ ឬពាក់ដល់លោកខែក៏ដោយនោះ៕