(បរទេស)៖ យោងតាមសារព័ត៌មានបរទេសឈ្មោះ Diplomatic​ Center បានចេញផ្សាយឱ្យដឹងថា សហគមន៍អន្តរជាតិបានចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ២០១៨នេះ បានប្រព្រឹត្តទៅដោយស្របច្បាប់ ​និងយុត្តិធម៌។ សារព័ត៌មាននេះដដែលបានចុះផ្សាយនៅលើគេហទំព័រ របស់ខ្លួនដូច្នេះថា៖ «នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត និងនៅអំឡុពេលបោះឆ្នោត បានប្រព្រឹត្តទៅដោយយុត្តិធម៌ និងស្របច្បាប់ អនុឡោមតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា»។

លើសពីនេះទៅទៀត អំឡុងពេលបោះឆ្នោតគេសង្កេតឃើញថា មិនមានការបង្ខិតបង្ខំឬគំរាមកំហែងណាមួយកើតឡើងនោះទេ ហើយក៏ពុំមានការជ្រៀតជ្រែក ឬក៏អន្តរាគមន៍ពីសំណាក់ អាជ្ញាធរក្នុងការដាក់សម្ពាធលើសេរីភាពបញ្ចេញមតិរបស់ប្រជាជនកម្ពុជា នោះដែរ ខណៈប្រជាជនកម្ពុជាដែលបានចូលរួមបោះឆ្នោត សុទ្ធតែបានបង្ហាញពីអារម្មណ៍រីករាយ។ «អ្នកបោះឆ្នោតបានបង្ហាញពី អារម្មណ៍សប្បាយរីករាយរបស់ពួកគេ និងមានវិន័យនៅក្នុងអំឡុងពេលបោះឆ្នោត»។ នេះគឺការកត់សម្គាល់របស់ប្រធានគណៈកម្មាការសិទ្ធិមនុស្សនៃ ប្រទេសម៉ាល់ឌីវ លោកស្រី Aminath Eenas ។

ដោយឡែកអតីតប្រធានាធិបតីកូឡុំប៊ី លោក Andrea Pastrana ដែលជាអ្នកអង្កេតការណ៍អន្តរជាតិមួយរូបនៅក្នុងការបោះឆ្នោតនៅកម្ពុជាដែរនោះ បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការបោះឆ្នោតនៅកម្ពុជាគឺជាការបោះឆ្នោតស្របច្បាប់ និងយុត្តិធម៌។

បើតាមលោក Andrea Pastrana បានឲ្យដឹងថា កម្ពុជាបានបំពេញយ៉ាងពេញលេញនូវលក្ខខណ្ឌប្រជាធិបតេយ្យ និងទទួលស្គាល់ជាអន្តរជាតិ សម្រាប់ការរៀចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកបដោយតម្លា ភាព សេរី និងយុត្តិធម៌ ដែលទទួលបានការគាំទ្រពីក្រុមអង្គការសិទ្ធិមនុស្សជាង៥០០ នៅទូទាំងពិភពលោក។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ មានក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ ​មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ៕