(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន-Cooperation and Information Exchange» ជាមួយសាជីវកម្មហិរញ្ញប្បទានមូលបត្រកូរ៉េ (Korea Securities Finance Corporation-KSFC) នៅទីស្តីការគ.ម.ក។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ គ.ម.ក ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនៃផ្សារមូលបត្រកម្ពុជា និងនាយកប្រចាំប្រទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងវិស័យមូលបត្រ។

តាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែសីហានេះ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌបច្ចេកទេស ពង្រឹងនូវចំណងទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មាន ពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍នានា ពាក់ព័ន្ធនឹងការអភិវឌ្ឍទីផ្សារមូលបត្រ ឱ្យកាន់តែមានយន្តការច្បាស់លាស់។

គួរជម្រាបថា KSFC ជាសហគ្រាសរដ្ឋដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ និងជាសាជីវកម្មហិរញ្ញប្បទានមូលបត្រតែមួយគត់ ដែលគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ (Financial Services Commission-FSC) បានផ្តល់ការទទួលស្គាល់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុច្រើន ប្រភេទដល់ក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុ (Financial Investment Companies) ដូចជា កម្ចីដាក់បញ្ចាំមូលបត្រ (securities-backed loans) ការគ្រប់គ្រងបញ្ញើរបស់វិនិយោគិន និងការឱ្យខ្ចីមូលបត្រ ជាដើម៕