(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូគយជប៉ុន ដឹកនាំដោយលោក Takahiro ARAKI ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋបាលគយជប៉ុន ពិភាក្សាលើការបង្កើតក្រុមការងាររួមគ្នា (Joint Working Group) ដើម្បីពិនិត្យ សិក្សា និងវាយតម្លៃឲ្យបានហ្មត់ចត់ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាពលើសំណើគម្រោងផ្ដល់ជំនួយប្រព័ន្ធស្វ័យប្រវត្តិកម្មគយជប៉ុន (Nippon Automated Cargo Clearance System/Customs Information System “NACCS/CIS”) ជំនួសប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយអាស៊ីគូដា ដែលបានកំពុងប្រតិបត្តិនាពេលបច្ចុប្បន្ន។
ជំនួបនេះបានធ្វើឡើងនៅថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២២០១៨ម្សិលមិញនេះ។ លោកបណ្ឌិត គុណ ញឹម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូគយជប៉ុន និងបានថ្លែងអំណរគុណ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ។ ជាពិសេសការផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្ម, ការផ្តល់នាវាល្បាតចំនួនពីរគ្រឿង និងជំនួយបច្ចេកទេស នានាផ្សេងទៀត ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោកបណ្ឌិត ក៏បានស្នើឲ្យក្រុមការងាររួមជំរុញការងារសិក្សា និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយលើសំណើគម្រោងផ្ដល់ជំនួយប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ឲ្យបានឆាប់ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។
សូមបញ្ជាក់ថា កន្លងមកគណៈប្រតិភូគយជប៉ុន និងតំណាងអង្គការ JICA ក៏បានធ្វើបទបង្ហាញអំពីសំណើគម្រោងនេះ ជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមកហើយ តែលោកទេសទេសរដ្ឋមន្ត្រីបានណែនាំឲ្យបង្កើតក្រុមការងាររួម ដើម្បីសិក្សា និងវាយតម្លៃឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយមុននឹងពិចារណាលើសំណើគម្រោងនេះ៕