(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបជជែកជាមួយគណៈប្រតិភូអង្គការគយពិភពលោកទៅលើការអនុវត្តន៍កិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក។
ជំនួបនេះបានធ្វើឡើងនៅថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ដោយភាគីប្រតិភូអង្គការគយពិភពលោកដឹកនាំដោយ លោក JONATHAN FELLOWS អ្នកជំនាញការជាន់ខ្ពស់ ដែលមកបំពេញបេសកកម្មនៅកម្ពុជាក្នុងគោលបំណងជួយពិនិត្យ វាយតម្លៃ និងលើកផែនការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងឱកាសនោះលោកបណ្ឌិត គុណ ញឹម បានជម្រាបជូនគណៈប្រតិភូអង្គការគយពិភពលោកអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្របតាមលទ្ធភាព និងសមត្ថភាពរបស់កម្ពុជា ហើយបានគូសបញ្ជាក់ថា បទប្បញ្ញត្តិមួយចំនួនកម្ពុជាត្រូវការពេលវេលាដើម្បីអនុវត្ត ហើយមួយចំនួនទៀតត្រូវការជំនួយបច្ចេកទេសពីអង្គការអន្តរជាតិ និងប្រទេសអភិវឌ្ឍន៍។
លោកបណ្ឌិត ក៏បានជម្រាបផងដែរថា រាល់អនុសាសន៍ និងផែនការដែលលើកឡើងដោយគណៈប្រតិភូ នឹងត្រូវពិនិត្យពិចារណាដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រ និងកម្មវិធីការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ២០១៩-២០២៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំពុងរៀបចំ។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់អង្គការគយពិភពលោក ដែលបាននិងកំពុងជួយដល់រដ្ឋបាលគយកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សលើការងារបច្ចេកទេសគយនានា។
សូមបញ្ជាក់ថា កម្ពុជាបានផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។ បទប្បញ្ញត្តិជាង ៨០% នៃកិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តដោយរដ្ឋបាលគយនៃប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក៕