(ភ្នំពេញ)៖ ភោជនីយដ្ឋានចិនថ្មីមួយមានឈ្មោះ យ៉ីសាង ដឹហ្គាដិន (YI SANG THE GARDEN) ត្រូវបានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ជាផ្លូវការហើយ នៅខណ្ឌទួលគោក នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ដើម្បីរួមចំណែកអនុវត្តស្ដង់ដាបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ និងត្រៀមលក្ខណៈទទួលទេសចរចិន (China Ready)នៅកម្ពុជាផងដែរ ខណៈកំណើនទេសចរចិននៅកម្ពុជាក៏មានកំណើនខ្លាំងក្លា។
ពិធីបើកសម្ពោធភោជនីយដ្ឋានម្ហូបចិន យ៉ីសាង ដឹហ្គាដិន នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ភោជនីយដ្ឋាន និងមានការចូលរួមពីលោក លូ ម៉េង សហប្រធាននៃក្រុមការងារផ្នែកទេសចរណ៍ និងជានាយកប្រតិបត្តិ Almond Group។
លោក ថោង ខុន បានឱ្យដឹងថា ការដាក់សម្ពោធឱ្យដំណើរការភោជនីយដ្ឋានម្ហូបចិន យ៉ីសាង ដឹហ្គាដិន ដែលជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត គឺមិនត្រឹមតែរួមចំណែកអនុវត្តស្ដង់ដាបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមលក្ខណៈទទួលទេសចរចិន (China Ready)នៅកម្ពុជាផងដែរ។
លោក ថោង ខុន បានណែនាំថា ភោជនីយដ្ឋានដែលមានស្តង់ដាត្រូវយកចិត្តទុកដាក់លើកត្តា ៣យ៉ាង រួមមាន៖
ទី១៖ ផ្ដល់ជូនភ្ញៀវនូវម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ សម្បូរបែប និងមានអនាម័យខ្ពស់។ ត្រូវមានចុងភៅដែលមានជំនាញ មានមុខម្ហូបច្រើនជម្រើស និងបើកបង្ហាញច្បាស់លាស់ មានចង្ក្រានបាយ និងរបៀបចម្អិនដែលអនុលោមតាមស្ដង់ដាបច្ចេកទេសត្រឹមត្រូវ។
ទី២៖ ផ្ដល់ជូនភ្ញៀវនូវសេវាល្អ រហ័សទាន់ចិត្ត។ ត្រូវមានបុគ្គលិកផ្ដល់សេវាកម្មដែលមានជំនាញច្បាស់លាស់ ចេះភាសាទំនាក់ទំនងច្រើនជម្រើស និងចូលរួមផ្សព្វផ្សាយម្ហូបអាហារខ្មែរ។
ទី៣៖ ទីតាំងត្រូវមានសម្បទាទ្រទ្រង់សមរម្យ និងគ្រប់គ្រាន់។ មានចំណតត្រឹមត្រូវ ត្រូវចតឱ្យមានសណ្ដាប់ធ្នាប់។ មានកន្លែងទទួលទានអាហារដែលមានអនាម័យ និងផាសុកភាព មានសម្បទាផ្សេងទៀត ដូចជាបន្ទប់ទឹក កន្លែងលាងដៃ កៅអីសម្រាប់កុមារ ឬកន្លែងក្មេងលេង និងមានការតុបតែងដែលមានលក្ខណៈខ្មែរ។
លោកថា កត្តាសុខសន្តិភាពពេញលេញ បានជំរុញឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។ វិស័យទេសចរណ៍ ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ជាមាសបៃតង បាននិងកំពុងបន្តបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត។
ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ២,៥៩៣,៨៤៧នាក់ កើនឡើង ១៣.៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ក្នុងនោះទេសចរចិនមានចំនួន ៧៨៨,៣៨៧នាក់ កើនឡើង ៧៨.៧% ឈរលំដាប់ទីមួយ។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦.២លាននាក់ សម្រាប់ឆ្នាំ២០១៨នេះ ហើយប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារប្រមាណ ២លាននាក់។
ស្របនឹងកំណើនចំនួនភ្ញៀវទេសចរ ចំនួនមូលដ្ឋានអាជីវកម្មទេសចរណ៍ក៏មានការកើនឡើងនៅទូទាំងប្រទេស បច្ចុប្បន្នមានអាជីវកម្ម សណ្ឋាគារមានចំនួន ៨០១កន្លែង (ស្មើនឹង ៤៦,០៩៩បន្ទប់) ផ្ទះភ្ញៀវមាន ២,២៦១កន្លែង (៣៣,៨៩២បន្ទប់) ភោជនីយដ្ឋាន/អាហារដ្ឋានមាន ២,២៨៦កន្លែង (១៣៤,៥៩៧កៅអី) កីឡាទេសចរណ៍ចំនួន ៨៥អាជីវកម្ម សេវាកម្មដឹកជញ្ជូនទេសចរណ៍មាន ២២១អាជីវកម្ម ទីភ្នាក់ងារទេសចរណ៍មាន ៧០៦អាជីវកម្ម ម៉ាស្សាមាន ៣១១កន្លែង (២,៨០៩គ្រែ)សេវាកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យមាន ១,១៤៤ទីតាំង មគ្គុទ្ទេសក៍ទេសចរណ៍មាន ៥,៤៦៦នាក់ (១២ភាសា)។
ឈរលើស្មារតី និងផ្អែកតាមគោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងបន្តអភិវឌ្ឍវិស័យទេសចរណ៍ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ផ្តល់សេវាប្រកបដោយគុណភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ការដាក់សម្ពោធឱ្យដំណើរការភោជនីយដ្ឋានម្ហូបចិន យ៉ីសាង ដឹហ្គាដិន ដែលជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត គឺមិនត្រឹមតែរួមចំណែកអនុវត្តស្ដង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមលក្ខណៈទទួលទេសចរចិន (China Ready)នៅកម្ពុជាផងដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានស្នើដល់ក្រុមហ៊ុន Almond Group ជាពិសេសភោជនីយដ្ឋាន យ៉ី សាង ដឹហ្គាដិន ឱ្យបន្តចូលរួមបន្ថែមដល់កិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈ៖
ទី១៖ ការស្នើសុំចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ និងស្នើសុំ China Ready Accreditation System។
ទី២៖ ការចូលរួមប្រឡងប្រណាំងពានរង្វាន់ «សម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ដែលមានប្រភេទរង្វាន់ជាច្រើន (ចំនួន៦រង្វាន់)។
ទី៣៖ ការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដូចជា ត្រី បន្លែ សាច់ គ្រឿងទេស ជាដើម។
ទី៤៖ ចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បុគ្គលិកដែលជាជនជាតិខ្មែរ តាមយន្តការ In House Training និងចូលរួមជំរុញឱ្យបុគ្គលិកក្នុងក្រុមហ៊ុន Almond Group ចុះឈ្មោះទទួលការវាយតម្លៃជាអ្នកជំនាញទេសចរណ៍។
សូមជម្រាបថា ដោយសារកេរ្តិ៍ឈ្មោះដ៏ល្បីកល្បាញនៃម្ហូបចិនបែបកាតាំងរបស់ភោជនីយដ្ឋានយ៉ីសាង បានធ្វើឲ្យមានភោជនីយដ្ឋានយ៉ីសាងថ្មីមួយ ដែលជាភោជនីយដ្ឋានធំជាងគេបង្អស់ ក្នុងចំណោមភោជនីយដ្ឋានយ៉ីសាងទាំង៨ ដែលរំលិចឡើងក្នុងវីឡាដ៏ស្គឹមស្គៃមួយ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៣៣៧ ដែលជាតំបន់កិត្យានុភាពសំខាន់ៗ។ ភោជនីយដ្ឋាននេះ អាចបម្រើជូនភ្ញៀវរហូតដល់៤៥០នាក់ ដែលជាកន្លែងដ៏សាកសមបំផុតសម្រាប់កម្មវិធីខួបកំណើត ជំនួបពិភាក្សារការងារ និងកម្មវិធីពិសេសផ្សេងៗទៀត។
លោកលូម៉េងបានឲ្យដឹងថា «សម្រាប់ទីតាំងថ្មីនេះ លោកបានចម្រាញ់ និងជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់ជានិមិត្តរូបប្រចាំហាង ម្ហូបក៏ត្រូវបានដាក់បញ្ចូលគ្នាជាមួយវត្ថុធាតុផ្សេងៗដូចជា ខ្ចងត្រសក់សមុទ្យផ្កា cordycep ដែលជាផ្កាគ្រឿងទេសរបស់ជនជាតិចិន និងខ្ចង abaloneជាមួយនិងគ្រឿងផ្សំដែលមានគុណភាពខ្ពស់នៅកម្ពុជាដូចជាបង្កងទឹកសាបទន្លេមេគង្គម្រេចកំពតនិងទឹកឃ្មុំសុទ្ធ»។ ម្ហូបប្រចាំហាង ដូចជាក្តាមចំហុយពិសេស, ជើងមាន់ដើមឈូក ជ្រូកខ្វៃភ្នំគូរលែន ដែលជាជ្រូកធម្មជាតិពីភ្នំគូរលេនរបស់ខេត្តសៀមរាប ដែលបានដាក់រៀបចំនៅក្នុងផ្ទះសាច់ខ្វៃ។ សម្រាប់មេចុងភៅ ដែលអញ្ចើញមកពីទីក្រុយក្វាងចូវដោយផ្ទាល់ គឺលោកAlex Ying Sheng ដែលមានបទពិសោធ៍ជាង៣០ឆ្នាំ ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងភោជនីយដ្ឋានល្បី ៗ នៅទីក្រុងហុងកុង ក្វាងចូវ ប៉េកាំង និង សៀងហៃ ៕