(ក្រចេះ)៖ រដ្ឋបាលសាលាខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំពិធីចែកអំណោយដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៨០០គ្រួសារ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។
លោក វ៉ា ថន បានបញ្ជាក់ថា ពលរដ្ឋដែលមកទទួលអំណោយនោះមាន ៨០០គ្រួសារ ដែលមកពីស្រុកចំនួន៣ គឺស្រុកចិត្របុរី ស្រុកសំបូរ និងក្រុងក្រចេះ ហើយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកផ្លែឈើ១កេស សាប៊ូ៤ដុំ ភួយ១ មុង១ និងថវិកាចំនួន ៣០,០០០រៀលផងដែរ។
លោកបន្តថា អំណោយទាំងនេះបានមកពីសប្បុរសធម៌ផ្សេងៗ មុងបានមកពីមន្ទីរសុខាភិបាល ទឹកផ្លែឈើបានមកពីក្រុមហ៊ុន កូកាកូឡា ថវិកាបានមកពី គណៈកម្មការគ្រោះមហន្តរាយខេត្ត និងគ្រឿងបរិភោគផ្សេងទៀតបានមកពី ស.ស.យ.ក។
លោក ហ៊ុន ម៉ានី បាននាំសេចក្ដីនឹករឮក និងសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលលោកទាំងពីរ តែងតែគិតគួរពីសុខទុក្ខរបស់ពលរដ្ឋជានិច្ច។
លោក ហ៊ុន ម៉ានី បានបន្តទៀតថា ក្នុងនាមលោកជាកូនខ្មែរ១រូប សូមចូលរួមសោកស្ដាយ ចំពោះគ្រោះធម្មជាតិដែលកើតឡើងចៀសមិនផុត ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងផលដំណាំរបស់ប្រជាពលរដ្ឋ ហើយលោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយត្ន័ខ្ពស់ក្នុងរដូវទឹកទឹកឡើងនេះ ជាពិសេសក្មេងតូចៗមើលថែឲ្យបានត្រឹមត្រូវ ប្រយ័ត្នក្មេងៗធ្លាក់ទឹក និងលេងទឹកអាចបណ្ដាលឲ្យមានគ្រោះថ្នាក់៕