(ស្វាយរៀង)៖ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទំនិញបន្លែផ្លែឈើនៅទីតាំងផ្សារវាលយន្ត ក្នុងនោះ រកឃើញទឹកតៅហ៊ូចំនួន២៩ដប និងបង្គាក្រៀមព្រមទាំងទំនិញខូចគុណភាពជាច្រើនមុខទៀត ដែលដាក់តាំងលក់នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយបានដកហូតយកទៅដុតកម្ទេចចោល។
លោក ផឹង និល បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាភាពដល់ពួកគាត់ព្រោះវាមានសារសំខាន់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ហើយការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។
លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញបានធ្វើការចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សាវាលយន្តនាពេលនេះ បានរកឃើញទឹកតៅហ៊ូ ចំនួន២៩ដបខូចគុណភាព និងទំនិញហួសកាលបរិច្ឆេតមួយចំនួនទៀតផងដែរ ក្នុងនោះមន្ត្រីជំនាញបានធ្វើតេស្តទៅលើមុខទំនិញជាច្រើនមុខមានដូចជាបន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ។ល។ ចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាព នៅពេលដែលប្រើប្រាស់ទំនិញដែលខូចគុណភាព។
លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕