(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ GIUSEPPE ROMANO គ្រូការ៉ាតេអ៊ីតាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការអភិវឌ្ឍសមត្ថភាពកីឡាការ៉ាតេ ជម្រើសជាតិកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ GIUSEPPE ROMANO ហើយបានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងការបង្កើនសមត្ថភាពកីឡាករ កីឡាការនី ការ៉ាតេ ជម្រើសជាតិកម្ពុជា។
ការបង្កើនសមត្ថភាពនេះ គឺធ្វើឡើងតាមរយៈការបញ្ជូនកីឡាការ កីឡាការនីចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ និងការអញ្ជើញគ្រូបង្ហាត់បរទេស ជាពិសេសមកពីប្រទេសជប៉ុន មកធ្វើការហ្វឹកហាត់ផ្ទាល់ នៅប្រទេសកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួត ដណ្តើមយកមេដាយនៅក្នុងការប្រកួត ក្នុងកីឡា SEA GAEME នៅឆ្នាំខាងមុខៗ និងជាពិសេសនៅក្នុងការប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
លោកសាស្ត្រាចារ្យ GIUSEPPE ROMANO បានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបានអនុញ្ញាតឲ្យរូបលោក ចូលជួបសំដែងការគួរសម ហើយលោកមានសុទ្ឋិនិយមចំពោះសក្តានុពល និងទេព្យកោសល្យរបស់កីឡាករ កីឡាការនីការ៉ាតេកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជា។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ GIUSEPPE ROMANO សន្យានឹងខិតខំដើម្បីជួយលើកកំពស់សមត្ថភាពកីឡាករ កីឡាការនី ការ៉ាតេកម្ពុជាបន្ថែមទៀត ដើម្បីឈានទៅដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ឆ្នាំ២០១៩ ខាងមុខនេះ។
ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើសហព័ន្ធកីឡាការ៉ាតេកម្ពុជា សហការជាមួយលោកសាស្ត្រាចារ្យ GIUSEPPE ROMANO ដើម្បីរៀបចំផែនការសកម្មភាព និងគម្រោងថវិកាឲ្យបានច្បាស់លាស់ ដើម្បីលោកសាស្ត្រាចារ្យអាចមកបង្ហាត់ដល់កីឡាករ កីឡាការនី ការ៉ាតេជម្រើសជាតិកម្ពុជាទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការជ្រើសរើស និងបញ្ជូនកីឡាករ កីឡាការនីកម្ពុជាឆ្នើមមួយចំនួនទៅហ្វឹកហាត់ ដកស្រង់បទពិសោធន៍ នៅប្រទេសអ៊ីតាលី ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត និងដណ្តើមបានមេដាយនៅក្នុងព្រឹត្តិការណ៍កីឡា SEA GAME ឆ្នាំ២០១៩ និងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេ បន្តបន្ទាប់ខាងមុខ៕