(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៥គ្រឿង រថយន្តតូច៥គ្រឿង រថយន្ដធំ២គ្រឿង យានផ្សេងៗ១គ្រឿង និងថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, មិនប្រកាន់ស្តាំ, ប្រជែង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា រយៈពេល០៦ថ្ងៃនេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤៨លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១៦នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន៤៥នាក់ និងស្រាលចំនួន៣១នាក់៕