(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំលោក-លោកស្រី មន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌ មន្ត្រីអនុសាខាពាក់ព័ន្ធមួយចំនួន ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់មួយ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន រួមជាមួយការរួមចំណែកជាថវិកា១សែនរៀលពីលោក ជុំ ប៊ុនណារិទ្ធ និងលោកស្រី លី ស្រីពេជ្រ ជាសប្បុរសជនផងនោះ មកឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះ ចំនួន៥គ្រួសារ ក្នុងនោះ១គ្រួសារទទួលបានស័ង្កសី៣០សន្លឹក អង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ និងថវិកា ចំនួន៥០,០០០រៀលស្មើៗគ្នា ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះសំបែងអស់ទាំងស្រុង ស្ថិតនៅក្នុងក្រុមទី៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ។

ថ្លែងនាឱកាសនោះ លោក ជា ពិសី បានឆ្លៀតថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ កាលចុងខែកក្កដា ថ្ងៃទី២៩កន្លងទៅ ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា បងប្អូនត្រូវការមេដឹកនាំប្រទេសមួយ ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយព្រហ្មវិហារធម៌ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍបន្តទៅទៀត។

លោក ជា ពិសី បានថ្លែងបញ្ជាក់ថា តាមរយះអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់-ខណ្ឌ រហូតដល់ក្រុង, ចំពោះប្រជាពលរដ្ឋគ្រប់រូប គឺមិនត្រូវបានស្លាប់ដោយអត់បាយឡើយ ដ៍រាបណាប្រទេសកម្ពុជាយើង នូវតែទទួបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យដូចសព្វថ្ងៃនេះ ដែលស្ថិតក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយនិងកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដាំហើយផ្ដាំទៀតឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះដោយមិនប្រកាន់ពូសសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ឲ្យតែជាពលរដ្ឋរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា លោកទាំងទ្វេរជានិច្ចជាកាលតែងតែជួយសង្គ្រោះមិនរើសអើងឡើយ៕