(កំពង់ចាម)៖​ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រួមមានកម្លាំងនគរបាល កម្លាំងរដ្ឋបាលជលផល និងកម្លាំងអធិការដ្ឋានជលផលមេគង្គ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកស្ទឹងត្រង់ ដោយដកហូតបានវត្ថុតាងមួយចំនួនធំ និងលែងកូនត្រីចម្រុះជិត១០០គីឡូក្រាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយទទួលបានពត៌មានអំពីបទល្មើសនេសាទខុសច្បាប់ លោកបានចាត់បញ្ជា ​អធិការនគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលពាមកោះស្នា សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងកម្លាំងអធិការដ្ឋានជលផលមេគង្គ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចបឹងល្វា ឃុំពាមកោះស្នា ឃុំអារក្សត្នោត និងឃុំទួលសំបួរ។


បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញដកហូតបាន​លូស្បៃមុង​ចំនួន២៨មាត់, របាំងស្បៃមុង ប្រវែង១,១២០ម៉ែត្រ​, បង្គោលចម្រឹងឬស្សី ចំនួន៥០៤ដើម និងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងចំនួន៧៨គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាងបានដុតបំផ្លាញចោលនៅនិងកន្លែង។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានឲ្យដឹងដែរថា​ ​​នៅចំណុចភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស កម្លាំងជំនាញខេត្ត ​សហការជាមួយជំនាញស្រុកកងមាស បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់​០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចិន ម៉េងស៊្រុង ភេទប្រុស អាយុ១៩ឆ្នាំ ដកហូតថ្នាំញៀន៦កញ្ចប់ និងទូរស័ព្ទមួយគ្រឿង។ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕