(ក្រចេះ)៖ លោក សុខុម ចន្រ្តា ប្រធានភូមិភាគតំបន់ខាងកើត នៃក្រុមហ៊ុនកូកាកូឡា នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បាននាំយកអំណោយជាភេសជ្ជៈប្រភេទទឹកផ្លែឈើ Minute Mate Refresh (Appel & grape) ចំនួន ១០០០កេស ទៅប្រគល់ជូនដល់រដ្ឋសាលាខេត្តក្រចេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅជុំវិញខេត្ត ជាពិសេសស្រុកចិត្របុរី ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
លោក សុខុម ចន្ត្រា បានថ្លែងថា អំណោយនេះ បើគិតជាទឹកប្រាក់ប្រមាណជាង ៦,០០០ដុល្លារអាមេរិក ហើយក្រុមហ៊ុននឹងបន្តសកម្មភាពមនុស្សធម៌ជាមួយនឹងអាជ្ញាធរបន្ថែមទៀត។ លោកបន្តថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនកូកាកូឡា បរិច្ចាគធនធានសម្រាប់សហគមន៍ កន្លងមកក្រុមហ៊ុនក៏បានធ្វើ និងផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋតាមសហគមន៍ផងដែរ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភ ទឹកក្រូច និងទឹកផ្លែឈើ ដល់ពលរដ្ឋដែលកំពុងជួបការលំបាក ដោយសារទឹកជំនន់នេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា អំណោយនេះនឹងចែកពលរដ្ឋនៅថ្ងៃស្អែក នៅសាលាខេត្តក្រចេះ ចំនួន៨០០កេស ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ហើយនៅសល់ ២០០កេសទៀត នឹងយកទៅចែកនៅស្រុកព្រែកប្រសព្វ៕