(ភ្នំពេញ)៖ ​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បាន​ទទួលជួប​លោកស្រី Elizabeth McGarva ទីប្រឹក្សាជាន់ខ្ពស់គម្រោង DFID ចក្រភពអង់គ្លេស ដើម្បីពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធការផ្តល់ថវិកាជំនួយរបស់ចក្រភពអង់គ្លេស ដល់វិស័យសកម្មភាពមីននៅកម្ពុជា។​

លោកស្រី Elizabeth បានបញ្ជាក់ថា គម្រោងនឹងបន្តគាំទ្រដល់ប្រតិបត្តិករ NPA  HALO និង MAG រហូតដល់ឆ្នាំ២០២០ ដោយផ្តោតទៅលើការបោសសម្អាតដី ដែលមានមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម ការអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងការផ្តល់នូវការអប់រំបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពដល់ អង្គភាព​ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន ជាពិសេស​ការកសាងសមត្ថភាពបុគ្គលិកបម្រើការក្នុងការិយាល័យគ្រប់គ្រងទិន្ន័យ នៃអង្គភាពអាជ្ញាធរមីន។

​ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបានបង្ហាញឆន្ទៈក្នុងការបន្តជួយដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះ សល់ពីសង្រ្គាមនៅកម្ពុជា។

លោកទេសរដ្ឋមន្ដ្រី បានជម្រាបដល់គណប្រតិភូអំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម ដែលបានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងខ្លាំងនៅកម្ពុជា និងការងារធំៗមួយចំនួន ដែលអាជ្ញាធរមីនកំពុងតែធ្វើ ដូចជា​ការបង្កើតយុទ្ធសាស្ត្រគ្មានមីននៅកម្ពុជា ការបង្កើតគណៈកម្មការសម្រាប់ពិនិត្យមើលការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន២០១៨-២០២៥។

ជាមួយគ្នានោះ ​ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានស្នើសុំឲ្យចក្រភពអង្គគ្លេសបន្តម្រោង DFID រហូតដល់ឆ្នាំ២០២៥ ឲ្យស្របតាមយុទ្ធសាស្រ្តជាតិសកម្មភាពមីន៕