(ភ្នំពេញ)៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលប្រទេសព្រោះតែខ្លាចគុក បានបន្ដភាពកំសាករបស់ខ្លួនដោយមិនហ៊ានស្បថឲ្យស្លាប់តៃហោង តាមការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការចោទប្រកាន់ថា មានការបំប៉ោងទិន្នន័យអ្នកទៅចូលរួមបោះឆ្នោតនោះឡើយ។ ការមិនហ៊ានស្បថរបស់លោក សម រង្ស៊ី គឺជាភាពកំសាកមួយទៀតរបស់អ្នកនយោបាយរូបនេះ ព្រោះខា្លចចាញ់សម្បថដែលនឹងគ្រោះថ្នាក់ដល់ជីវិត ដ្បិតធ្លាប់ចាញ់សម្បថនៅមុខប្រាសាទអង្គរ កាលពីឆ្នាំ២០១៣ នាំឲ្យរលាយបក្សរួចម្ដងមកហើយ។

ឆ្លើយតបការមិនហ៊ានស្បថ ហើយទាមទារឲ្យមានការរាប់សន្លឹកឆ្នោតតាមបែបវិទ្យាសាស្រ្តរបស់ទណ្ឌិត សម រង្ស៊ី នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបខ្លាំងៗវិញថា មិនចាំបាច់លើកយកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្រ្តអ្វីនោះទេ ប៉ុន្តែលោក សម រង្ស៊ី ហ៊ានស្បថឲ្យស្លាប់តៃហោងទាំងពូជ និងមនុស្សជំនិតយ៉ាងតិច១០០នាក់ ដែរឬទេ​ ? ដ្បិតសម្តេចតេជោ ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី ធ្លាប់បានលេងបែបវិទ្យាសាស្រ្តនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ ឥឡូវងាកមកលេងផ្លូវងងឹតបែបអបិយជំនឿវិញម្តង។

ការឆ្លើយតបនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិរបស់អង្គភាព Fresh News ដោយបានបញ្ជាក់ជាមួយ ប្រសាសន៍ធ្ងន់ៗបែបនេះ «មិនបាច់លើកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្ត្រអ្វីនោះទេ។ លោកឯង (ទណ្ឌិត សម រង្ស៊ី) ឆ្លើយមក តើលោកឯងហ៊ានស្បថឲ្យងាប់តែហោងទាំងប្រពន្ធ ទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុស្សជិតសិ្នទ្ធយ៉ាងតិច១០០នាក់ដែរឬទេ ? ព្រោះយើងទាំងពីរនាក់បានធ្លាប់លេងបែបវិទ្យាសាស្រ្តនេះជាមួយគ្នាអស់ជាង២០ឆ្នាំមកហើយ។ ឥឡូវយើងងាកមកលេងបែបផ្លូវងងឹតវិញម្តង។ បើទោះបីអ្នកឯងមិនហ៊ានស្បថ ក៏សម្បថនេះធ្លាក់ទៅលើអ្នកឯងដែរ ព្រោះខ្ញុំបានស្បថរួចហើយ ហើយសូមវត្ថុស័ក្តិសិទ្ធលើលោកជួយ នាំនូវពាក្យសម្បថរបស់ខ្ញុំ ទៅកាន់អ្នកឯងផង»

សម្តេចតេជោ ហ៊ុន សែន បានបន្តជាមួយប្រសាសន៍ធ្ងន់ៗយ៉ាងដូច្នេះទៀតថា «ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយធ្វើសាក្សី និងរង់ចាំ​មើល តើ សម រង្ស៊ី ក្លាហានហ៊ាន ស្បថ ជាមួយខ្ញុំដែរឬទេ ? បើមិនហ៊ានស្បថទេ នោះអ្នកឯងជាជនកំសាក ក្បត់ជាតិ ខ្លាចងាប់ដូចខ្មោចឪពុកចោលឆ្អឹងនៅក្រៅប្រទេស និងទង្វើដែលអ្នកឯងបានធ្វើ ពិតជាបោកប្រាស់យ៉ាងពិតប្រាកដ»

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងជំនួបផ្ដល់ដំបូន្មានជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡាសរុបជាង ៧០នាក់ ​នៅវិមានសន្តិភាព មុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី បានបបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់តៃហោងគ្រប់រូបភាពទាំងអស់ សូម្បីតែដេកធ្លាក់ពីលើខ្នើយក៏ឲ្យស្លាប់ដែរ។

គេនៅចាំបានថា កាលពីឆ្នាំ២០១៣កន្លងទៅក្រុមអ្នកប្រឆាំងទាំងអស់នេះ ធ្លាប់បានបដិសេធនូវលទ្ធផលនៃការបោះឆ្នោត ហើយនាំគ្នាទៅស្បថចំពោះវត្ថុស័ក្ដិសិទ្ធិ នៅអតីតរាជធានីអង្គរផងដែរ តែមិនបានប៉ុន្មានខែផងនោះ ពួកគេក៏បានស្រុះស្រួលគ្នាដើរចូលវិមានរដ្ឋសភា ទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយមិនបានទៅលាបំណន់ ចំពោះវត្ថុស័ក្ដិសិទ្ធិនៅ​ឯប្រាសាទអង្គរនោះឡើយ​ ទីបំផុតពួកគេបានចាញ់ពាក្យសម្បថ បាត់បង់អស់តំណែង និងរលាយបក្សជាប់គុក រត់ចោលស្រុក ខ្ចាត់ខ្ចាយគ្មានសល់។

សម្បថឆ្នាំ២០១៣ ជាមេរៀនដែលនាំឲ្យខ្លាចរអាសម្រាប់ទណ្ឌិត សម រង្ស៊ី ដែលមិនហ៊ានចេញមកស្បថទៀតនោះឡើយ បើមិនដូច្នោះប្រាកដជាចាញ់ពាក្យសម្បថងាប់តៃហោង ដូចខ្មោចឪពុកចោលឆ្អឹងនៅក្រៅប្រទេស ​ជាក់ជាមិនខាន៕