(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន បានល្អប្រសើរ ក្នុងតួនាទីបម្រើឱ្យវិស័យសន្តិសុខជាតិ ដោយសហការជាមួយបណ្តាអង្គភាព មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ធានារក្សាបាននូវសន្តិសុខក្នុងខេត្តបានល្អ និងការពារសន្តិសុខ ក្នុងយុទ្ធនាការរកសម្លេងឆ្នោត និងដំណាក់ការបោះឆ្នោត។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងបែបនេះនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ នៅឱកាសកងកម្លាំងគោរពទង់ជាតិ ស្ថិតនៅក្នុងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានកងកម្លាំងនគរបាលជំនាញចំណុះស្នងការដ្ឋាន និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចូលរួមសរុបចំនួន២៩៥នាក់។
លោកស្នងការខេត្តបន្ទាយមានជ័យ បានថ្លែងយ៉ាងដូច្នេះ៖ «កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសដែលគ្រប់គណបក្សនយោបាយទាំង២០ និយាយជារួមនិងនិយាយដោយឡែក ក្នុងខេត្តបន្ទាយមានជ័យ មានគណបក្សនយោបាយចំនួន១៣ ដែលធ្វើការឃោសនារកសម្លេងគាំទ្រ ចាប់ពីថ្ងៃទី០៧ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបោះឆ្នោត ប្រព្រឹត្ត ទៅដោយរលូនគ្មានអំពើហឹង្សា គ្មានការគម្រាមកំហែង និងមានតម្លាភាព»។
លោកឧត្តមសេនីយ៍ទោអាត់ ខែម បានបន្ថែមទៀតថា ដើម្បីឱ្យសន្តិសុខក្នុងខេត្តបន្ទាយមានជ័យ រឹតតែបានល្អប្រសើរនោះ កម្លាំងនគរបាលជំនាញសន្តិសុខ និងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងកម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន ត្រូវតែរឹតបន្តឹង និងចុះក្តាប់ពីសភាពការណ៍ស្រាវជ្រាវ ពីមុខសញ្ញាបង្កបទល្មើសព្រហ្មទណ្ឌពិសេស គឺមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលតែងបង្ក នូវភាពអសន្តិសុខ ប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌដូចជា៖ អំពើលួច ឆក់ ប្លន់ និងប្រើអំពើហិង្សាទាំងនេះ គឺផ្តើមចេញពីបញ្ហា នៃការប្រើប្រាស់គ្រឿងញៀន។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានជំរុញដល់ការងារសណ្តាប់ធ្នាប់សាធារណៈ គឺបញ្ហាលក់ដូរនៅលើចឹញ្ចើមថ្នល់ ក៏ដូចជា៖ អ្នករត់ឡានឈ្លួលដេញចាប់ម៉ូយពាសវាលពាសកាល រយ៉េរយ៉ៃ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់ក្នុងខេត្ត គឺជំនាញសណ្តាប់ធ្នាប់ត្រូវផ្សព្វផ្សាយ ឱ្យគាត់ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់មុនផ្ទះរបស់គាត់ ឱ្យមានរបៀបរៀបរយ ព្រោះថាសោភ័ណភាព បរិស្ថានល្អបរិសុទ្ធ គឺចាប់ផ្តើមពីយើងទាំងអស់គ្នា ក្នុងន័យនេះ គឺយើងរួមគ្នាជួយលើកស្ទួយមុខមាត់ខេត្តរបស់យើង ឱ្យមានសោភ័ណភាព និងបរិស្ថានល្អ ព្រោះខេត្តបន្ទាយមានជ័យយើងនេះ គឺជាខេត្តជាប់ព្រំដែន ដែលមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់។
ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តើផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ សហការជិតស្និត ជាមួយបណ្តាអង្គភាពក្នុងខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថា្នក់៕