(ហ្កាតេម៉ាឡា)៖ ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលបានផ្ទុះឡើង និងសម្លាប់មនុស្សជិត ៣០០នាក់ កាលពីជាងពីរខែមុន បានផ្ទុះឡើងជាថ្មីម្ដងទៀតកាលពីល្ងាចថ្ងៃអាទិត្យ នៅប្រទេសហ្គាតេម៉ាឡា នៃតំបន់អាមេរិកកណ្តាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ អាជ្ញាធរបានចេញបញ្ជាឱ្យប្រជាជនត្រូវជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាពជាបន្ទាន់ ព្រមទាំងត្រូវស្ថិតនៅឱ្យឆ្ងាយពីតំបន់ក្បែរភ្នំភ្លើង ជាទីដែលដុំថ្មធំត្រូវបានគេរំពឹងថា អាចផ្ទុះចេញមកក្រៅ។ ភ្នំភ្លើង Fuego បានផ្ទុះម្ដងរួចមកហើយកាលពីជាងពីរខែមុន ដោយសម្លាប់មនុស្សជិត ៣០០នាក់ និងបង្ខំឱ្យប្រជាជនហ្គាតេម៉ាឡារាប់ពាន់នាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
គួរបញ្ជាក់ថា ក្រៅតែពីផ្ទុះភ្នំភ្លើង អាជ្ញាធរហ្គាតេម៉ាឡា និងវិទ្យាស្ថានស្ទាបសង់ភូមិសាស្ត្រអាមេរិកក៏បានអះអាងថា គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារលើតំបន់ស្ថិតនៅចំងាយ ៤៧គីឡូម៉ែត្រ ពីទីក្រុងភឺតូសាន់ចូសេ (Puerto San Jose) ប្រទេសហ្គាតេម៉ាឡា កាលពីថ្ងៃសៅរ៍ផងដែរ៕